ហ្វីលីពីន និងវៀតណាម ព្រមានដល់បណ្តាប្រទេសអាស៊ានឱ្យប្រុងប្រយ័ត្នអំពីមហិច្ឆតារបស់ចិន…

ហាណូយ៖ ប្រទេសវៀតណាម និងហ្វីលីពីន នៅថ្ងៃសុក្រម្សិលមិញនេះ បានព្រមានអំពីអសន្តិសុខដែលកំពុងកើនឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងកិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ានលើកទី៣៦ ដែលមានវៀតណាមជាប្រធាន ចំពេលមានការព្រួយបារម្ភថា ប្រទេសចិនកំពុងបង្កើនសកម្មភាពរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង ដែលជាតំបន់មានជម្លោះ អំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២៦ ខែមិថុនា។

ទាំងទីក្រុងហាណូយ និងទីក្រុងម៉ានីល បានចាប់ផ្តើមធ្វើការប្រឆាំងជាមួយប្រទេសចិនកាលពីខែមេសាកន្លងទៅ បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសជាឯកតោភាគីអំពីការបង្កើតរចនាសម្ព័ន្ធនៅលើកោះតាមផ្លូវទឹកដែលមានជម្លោះ ដែលប្រទេសវៀតណាម និងហ្វីលីពីនបានតវ៉ាទាមទារផងដែរ។

ប្រទេស​វៀតណាម និង​ហ្វីលីពីន​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​វត្តមាន​យន្តហោះទម្លាក់គ្រាប់បែក​ចិន​ដែល​បាន​ចុះចត និង​ហោះឡើង​ចេញ​ពី​កោះ​មួយ​ដែល​ចិន​បាន​សាងសង់​ក្នុង​សមុទ្រចិន​ខាងត្បូង។ ក្រសួង​ការបរទេស​ហ្វីលីពីន​បាន​ចាត់​វិធានការ​ទូត​មួយ​ចំនួន ហើយ​អាមេរិក​ក៏​បាន​បញ្ជូន​នាវាចម្បាំង​ជា​ច្រើន​គ្រឿង​ទៅ​កាន់​ទីនោះ។ ចំណែក​ក្រសួង​ការបរទេស​ចិន​បាន​អំពាវនាវ​ដល់​គ្រប់​ប្រទេស​កុំ​ឲ្យ​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន និង​ថា អ្វី​ដែល​ចិន​បាន​ធ្វើ​នេះ​ជា​លំហាត់យោធា​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​តំបន់។

ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូទើតេ បានថ្លែងនៅកិច្ចប្រជុំតាមប្រព័ន្ធអ៊ិនធឺណេតជាមួយ មេដឹកនាំអាស៊ានថា“ ទោះបីជាតំបន់របស់យើងកំពុងព្យាយាមទប់ទល់នឹងការការពារវីរុសកូវីដ -១៩ ក៏ដោយ យើងក៏មិនត្រូវធ្វេសប្រហែសបញ្ហានៅសមុទ្រចិនខាងត្បូងឡើយ” ។ លោក ឌូទើតេ បានបន្ថែមថា“ យើងអំពាវនាវឲ្យភាគីនានាចៀសវាងពីភាពតានតឹងកាន់តែខ្លាំងឡើង និងគោរពតាមការទទួលខុសត្រូវក្រោមច្បាប់អន្តរជាតិ” ។

កន្លងទៅប្រធានាធិបតី​ហ្វីលីពីន លោក​ឌុយទើតេ ធ្លាប់បាន​ទាមទារ​ឲ្យ​ចិន កាត់បន្ថយ​មហិច្ឆតា​របស់​ខ្លួន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ប្រមុខរដ្ឋាភិបាល​ហ្វីលីពីន​ចេញមុខ​រិះគន់​នយោបាយ​ពង្រីកទឹកដី​របស់​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង។ នេះ​ជា​រឿង ដ៏កម្រ ដែល​កើតមាន នៅក្នុង​អាណត្តិ​របស់​ប្រធានាធិបតី ហ្វីលីពីន លោក​ឌុយទែរតេ ដែល​ធ្លាប់​តែមាន​ជំហរ​ទន់ភ្លន់ ជាមួយ ចិន ជាថ្នូរ​នឹង​ប្រាក់​ជំនួយ ហើយ​និង​ការវិនិយោគ​របស់​ចិន។

ទោះ​ជាប់​ឈ្មោះ​ជា​ភាគី​ជម្លោះ​មួយ ជាមួយ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង ប្រមុខរដ្ឋាភិបាល​ហ្វីលីពីន លោក​ឌុយទែរតេ កម្រ​នឹង​ដំឡើង​សំលេង​ខ្លាំងៗ ដាក់ទីក្រុង​ប៉េកាំង ដែល​រដ្ឋាភិបាល​ហ្វីលីពីន​ត្រូវ​ពឹងផ្អែក​ទាំង​ក្នុង​ការដោះដូរ​ពាណិជ្ជកម្ម ហើយ​និងការវិនិយោគ។ កាលពី​ខែ​ឧសភា មន្រ្តីយោធា​ហ្វីលីពីន ធ្លាប់​បាន​ចោទប្រកាន់​ម្តងហើយថា ទីក្រុង​ប៉េកាំង​បាន​រំលោភ មើលស្រាល​កងទ័ព​ហ្វីលីពីន ដែល​ប្រចាំការ​នៅ​លើ​កោះ​មួយផ្សេង ទៀត នៅសមុទ្រ​ចិន​ខាងត្បូង។

នៅ​ខែ​ឧសភា​ដដែល កងទ័ព​ចិន​បាននាំ​សព្វាវុធ​ទំនើបៗ​ជាច្រើន មកតាំងទី​ប្រចាំ​ការនៅ​លើ​កោះដែល​ចិន​សាងសង់​នៅ​សមុទ្រ​ចិន​ខាងត្បូង ដូចជា​មីស៊ីល​ដែល​អាច​ផ្ទុកក្បាល​គ្រាប់​នុយក្លេអ៊ែរ។ ការតាំងទីសព្វាវុធរបស់​ចិន ដែល​មាន​ជាលើកទី ១​នៅ​លើ​កោះ​សិប្បនិម្មិត នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​បង្ក​ឲ្យ​មានការព្រួយបារម្ភ និង​រិះគន់​ពី​សហគមន៍​អន្តរជាតិព្រោះថា ​សមុទ្រ​ចិន​ខាងត្បូង​ជា​ដែនទឹក​អន្តរជាតិ ដែល​មាន​ឆ្លងកាត់ ១ភាគ៣ នៃ​កប៉ាល់​ទំនិញ​ពិភពលោក។ ទីក្រុង​ប៉េកាំង​ដែល​បាន​ទាមទារ​ជា​ម្ចាស់​ផ្តាច់មុខ​លើ​សមុទ្រ​ចិន​ខាងត្បូង​អះអាង​ហើយ​ថា ខ្លួន​គ្មាន​មហិច្ឆតា​ពង្រីក​ឥទ្ធិពល​យោធា នោះទេ និង​ថា វត្តមាន​យោធា​របស់​ចិន នៅ​សមុទ្រ​ចិនខាងត្បូង គឺ​ដើម្បី ធានា​សន្តិសុខ និង​សុវត្ថិភាព ចរាចរណ៍​ផ្លូវទឹកតែប៉ុណ្ណោះ។

ដោយឡែក ប្រទេសវៀតណាមវិញ កាលពីដើមខែមេសាកន្លងទៅបាននិយាយថា ទូកនេសាទរបស់ខ្លួនមួយគ្រឿងត្រូវបានលិចដោយសារនាវាត្រួតពិនិត្យដែនសមុទ្រចិន។ ប្រទេសចិនបាននិយាយថា ការអះអាងរបស់វៀតណាមនៅសមុទ្រចិនខាងត្បូងគឺខុសច្បាប់ហើយនឹងត្រូវបរាជ័យ។

គួរ​រម្លឹក​ជូន​ថា ចំ​ពេល​ដែល​ចិន​បន្ត​ទាមទារ​ផ្តាច់មុខ​លើ​កោះ​ទាំង​អស់​នៅ​ក្នុង​សមុទ្រ​ចិនខាងត្បូង ក្រុម​ប្រទេស​ផ្សេង​ក្នុង​តំបន់​មាន​ហ្វីលីពីន ព្រុយនេ តៃវ៉ាន់ ម៉ាឡេស៊ី និង​វៀតណាម​ក៏​កំពុង​បន្ត​ចេញ​មុខ​ទាមទារ​យក​ចំណែក​របស់​ខ្លួន​ដែរ។ តាម​ក្រុម​អ្នកជំនាញ កោះ​ដែល​យន្តហោះចម្បាំង​ចិន​ចុះចត ហោះឡើង​មាន​ឈ្មោះ Woody ដែល​ជា​កោះ​ដ៏​ធំ​ជាង​គេ​នៃ​ទីប្រជុំ​កោះ Spratley’s។ ចំណែក​យន្តហោះចម្បាំង​ប្រភេទ H-6K ត្រូវ​បាន​គេ​ចាត់​ជា​ប្រភេទ​យន្តហោះ​ដ៏​ទំនើប​ដែល​អាច​ហោះ​បាន​ចម្ងាយ ៣ ៥០០គីឡូម៉ែត្រ ពោល​អាច​ទៅ​ដល់​ប្រទេស​អូស្រា្តលី និង​កោះ Guam របស់​អាមេរិក៕

អត្ថបទ៖ CPC News

Related posts

Leave a Comment