អាណិតណាស់! ករុណា ពេជ្រ ចំណាយថវិកាជាង២០ម៉ឺនដុល្លារ ព្យាបាលជំងឺឪពុករយៈពេល២ឆ្នាំ​ នៅតែមិនជាសះស្បើយ…

ភ្នំពេញ៖ តារាចម្រៀងប្រចាំក្នុងផលិតកម្ម ថោន លោក ករុណា ពេជ្រ បានទម្លាយឲ្យមហាជនដឹងថា ក្នុងរយៈពេលជាង២ឆ្នាំមកនេះ ចាប់តាំងពីឪពុករបស់លោកធ្លាក់ខ្លួនឈឺមក លោកបានចំណាយថវិកា អស់ប្រមាណជាជាង២០ម៉ឺនដុល្លារមកហើយ ដើម្បីព្យាបាលឪពុកឲ្យជាសះស្បើយ ប៉ុន្តែរហូតមកដល់ពេលនេះ ស្ថានភាពជំងឺឪពុករបស់លោក នៅតែមិនទាន់ធូរស្បើយដដែល។

អំឡុងពេលឪពុកលោក ករុណា ពេជ្រ ធ្លាក់ខ្លួនឈឺភ្លាមៗនោះ គេសង្កេតឃើញថា លោកបានប្រកាសលក់ផ្ទះ និងដីធ្លីមួយចំនួន​យកលុយមកព្យាបាលឪពុក ប៉ុន្តែអំឡុងពេលនោះ មានអ្នកខ្លះអាណិតលោក និងខ្លះទៀត គិតថា ជាការសម្ដែងទេ ហើយបើមានផ្ទះ និងដីធ្លីច្រើនបែបនេះ ​​មានអីទៅពិបាក។ ​ជាការពិត លោកមិនបានសម្ដែងរឿងលក់ផ្ទះ លក់ដីយកលុយព្យាលឪពុកនោះទេ ប៉ុន្ដែពេលមានតម្រូវការចាំបាច់ លោកមានលុយឯណាបង្វិលភ្លាមៗ មានតែលក់ផ្ទះលក់ដីហ្នឹងសិនហើយ ដើម្បីបានលុយមកដោះស្រាយ ឲ្យទាន់សភាពការណ៍។

ថ្លែងប្រាប់ Fresh News Plus នៅព្រឹកនេះ តារាចម្រៀង លោក ករុណា ពេជ្រ បានប្រាប់ថា ចាប់តាំងពីឪពុករបស់លោកធ្លាក់ខ្លួនឈឺមក លោកបានប្រមែប្រមូលថវិកា បានមកពីការដោះដូរទ្រព្យ ដោះដូរដីធ្លីពីនេះពីនោះ និងថវិកាបានមកពីការងារសិល្បៈខ្លះ ដើម្បីចំណាយលើថ្លៃសេវាព្យាបាល​ ដោយគិតរហូតមកដល់ពេលនេះ គឺអស់ប្រមាណជាជាង២០ម៉ឺនដុល្លារហើយ។ លោកបន្តថា បច្ចុប្បន្ននេះ ឪពុករបស់លោក ត្រូវទៅព្យាបាលតាមការណាត់របស់គ្រូពេទ្យ គឺមានរយៈពេល៣ខែម្ដង ដោយលោកបានបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យ សាន់រាយ ដែលមានជំនាញខាងសរសៃឈាមខួរក្បាល។

ករុណា ពេជ្រ និយាយថា «បាទបង..! រាល់ថ្ងៃក្រៅពីបញ្ជូនប៉ា ទៅព្យាបាលនៅមន្ទីរពេទ្យ គឺខ្ញុំបានជួលគ្រូពេទ្យជំនាញមកព្យាបាលគាត់នៅផ្ទះបន្ថែមទៀត ព្រោះបើខ្ញុំតែម្នាក់ឯង គឺមើលគាត់មិនបានគ្រប់ជ្រុងជ្រោយទេ ណាមួយខ្ញុំជួយបានតែផ្នែកខ្លះប៉ុណ្ណោះ ចំណែកជំនាញព្យាបាលសរសៃផ្សេងៗ គឺនៅលើគ្រូពេទ្យជាអ្នកពិនិត្យបន្ត។ ម្យ៉ាងទៀត ខ្ញុំក៏ត្រូវការចេញទៅខាងក្រៅ ដើម្បីធ្វើការងារខ្លះ គ្រាន់បានចំណូលមកផ្គត់ផ្គង់ការចំណាយ ព្រោះខ្ញុំជាកូនទោល នៅក្នុងគ្រួសារ ហើយមានតែលោកឪពុកម្នាក់នេះគត់..»។

តារាចម្រៀងរូបនេះ បានបន្ថែមថា សព្វថ្ងៃ​ការចំណាយរបស់លោក គឺមានខ្ទង់ចំណាយខ្ពស់គ្រាន់បើ ពោលគឺក្នុងមួយថ្ងៃលោកត្រូវចំណាយជិត៣ពាន់ដុល្លារឯណោះ ព្រោះលោកត្រូវជួលអ្នកមើលថែជំងឺ និងជួលគ្រូពេទ្យឲ្យមកព្យាបាលជំងឺឪពុក និងធ្វើលំហាត់ប្រាណរៀងរាល់ថ្ងៃ ទោះបីជាឪពុករបស់លោកហាក់ក្លាយជាមនុស្សរុក្ខជាតិ លែងស្គាល់សូម្បីតែរូបលោកជាកូនទៅហើយក្ដី។

សូមបញ្ជាក់ថា ឪពុករបស់លោក ករុណា ពេជ្រ បច្ចុប្បន្នមានវ័យ៦៩ឆ្នាំ និងមានជំងឺលើសឈាម ​ដាច់សរសៃឈាមក្នុងខួរក្បាល ហើយពេលនេះមិនអាចញ៉ាំអាហារបាន ដូចមនុស្សធម្មតានោះទេ គឺទាល់តែបាញ់ទុយោសុងចូលទៅក្នុងក្រពះ។ ​ឪពុកលោកបានក្លាយទៅជាមនុស្សរុក្ខជាតិ មិនមានការចងចាំដូចមុនទៀតទេ សូម្បីតែលោក ក៏ឪពុកមិនដឹងថាស្គាល់ ឬអត់នោះទេ​ ព្រោះពេលនិយាយទៅ គាត់មិនអាចនិយាយតបបាន ហើយបានតែងក់ក្បាលដាក់ជាសញ្ញាមកវិញប៉ុណ្ណោះ៕

Related posts

Leave a Comment