អាណិតណាស់! ៦ ខែដំបូងក្នុងឆ្នាំ ២០២០ ខាត់ សុឃីម ជួបរឿងធំៗ ៤ ក្នុងជីវិត​ ស្ទើរមិនគួរឱ្យជឿ…

អ្នកនាង ខាត់ សុខឃីម ត្រូវបានមហាជនចាត់ទុកជាអ្នកសិល្បៈមួយរូបដែលមានជំនាញសិល្បៈជាច្រើន មិនថាសិល្បៈផ្នែកបុរាណ ឬ សម័យឡើយ ដោយតារាស្រីរូបនេះធ្វើបានយ៉ាងស្ទាត់ជំនាញ ។ ដោយសារតែសមត្ថភាព និង ទេពកោសល្យខ្ពស់លើទម្រង់សិល្បៈបែបនេះ បានធ្វើឱ្យ ខាត់ សុឃីម ឈរជើងយ៉ាងរឹងមាំលើវិថីសិល្បៈរាប់ឆ្នាំ និង បានក្លាយជារៀមចម្បងសិល្បៈម្នាក់ដ៏គំរូទៀតផង ។

ជីវិតលើវិថីសិល្បៈហាក់រលូនល្អពិតមែន ប៉ុន្តែបើងាកមកមើលជីវិតក្នុងសង្គមគ្រួសារទាំងមូលរបស់តារាពហុជំនាញ ខាត់ សុឃីម វិញ ហាក់កំពុងតែប្រឈមបញ្ហាជីវិតមួយចំនួន ពិសេសទាក់ទងនឹងវិបត្តិហិរញ្ញវត្ថុដែលនាងត្រូវដោះសា្រយបន្ទាន់ ដោយថ្មីៗនេះនាងមិនត្រឹមតែផុងខ្លួនក្នុងរឿងវិនិយោគទេ នាងថែមទាំងពពាយនាយលក់ផ្ទះបន្តកន្ទុយគ្នា ហើយចុងក្រោយឪពុកនាងទើបតែទទួលមរណភាពទៀត ។ នេះជារឿងរ៉ាវទាំង ៤ ដែលកំពុងធ្វើឱ្យជីវិតអ្នកនាង ខាត់ សុឃីម វិលវល់ខ្លាំង ៖

១-រឿង ខាត់ សុឃីម ផុងខ្លួននឹងរឿងវិនិយោគ

កាលពីព្រឹកថ្ងៃទី ១៩ មីនា ឆ្នាំ ២០២០ អ្នកនាង ខាត់ សុឃីម និង ស្វាមី ព្រមទាំងអ្នកតវ៉ាប្រមាណ ៣០០ នាក់ផ្សេងទៀត បានរួមគ្នាលើកបដាទាមទារឱ្យតុលាការខេត្តសៀមរាប ដោះលែងលោក ឌឹម សួនណាត អគ្គនាយកក្រុមហ៊ុន Enarita ដែលជាដៃគូវិនិយោគរបស់ខ្លួន បន្ទាប់ពីតុលាការខេត្តសៀមរាបបន្តឃុំខ្លួនលោក បណ្ដាលឱ្យលោក ឌឹម សួនណាត មិនអាចចេញមកសស្រាយបំណុលដល់ដៃគូវិនិយោគទាំងឡាយបាន រួមទាំងនាងផងនោះ ។ អ្នកនាង ខាត់ សុឃីម និង អ្នកតវ៉ាបានបញ្ជាក់ថា បើគ្មានការដោះលែងអគ្គនាយកក្រុមហ៊ុន Enarita រូបនេះទេ ការបង់ខាតរបស់គ្រួសាររាប់ពាន់គ្រួសារក៏គ្មានដំណោះស្រាយនោះដែរ ។

២-ប្រកាសបិទ និង លក់ឡៃឡុងសម្អាងការ ដែលបោះទុនខ្ទង់ ១០ ម៉ឺនដុល្លារ

កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅនេះ អ្នកនាង ខាត់ សុឃីម បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង ដោយតារាចម្រៀងពហុជំនាញរូបនេះបានប្រកាសបិទសម្អាងការ និង លក់ឡៃឡុងនូវសម្ភារទាំងអស់ក្នុងតម្លៃ ២ ម៉ឺនដុល្លារ ទាំងដែលថ្លៃដើមមានខ្ទង់ប្រមាណ ១០ ម៉ឺនដុល្លារនោះ ។ ការប្រកាសបិទនេះ តារាពហុជំនាញ ខាត់ សុឃីម បានបញ្ជាក់ថា ដោយសារវិបត្តិកូវីដ ១៩ និង ណាមួយចង់បង្កើតមុខរបរថ្មីផ្សេងពីសម្អាងការនេះ ។

៣-ប្រកាសលក់ផ្ទះនៅផ្សារដេប៉ូតម្លៃកន្លះលានដុល្លារបន្ទាន់

បន្ទាប់ពីប្រកាសបិទ និង លក់ឡៃឡុងនូវសម្ភារសម្អាងការនោះ ស្រាប់តែនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២០ អ្នកនាង ខាត់ សុឃីម ក៏បានប្រកាសលក់ផ្ទះចំកណ្ដាលទីក្រុងដែលមានទីតាំងនៅម្ដុំផ្សារដេប៉ូ ក្នុងតម្លៃឡៃឡុង ៥០ ម៉ឺនដុល្លារសហរដ្ឋមេរិកថែមទៀត ។ ភ្ជាប់មកជាមួយការប្រកាសលក់ផ្ទះតម្លៃកន្លះលានដុល្លារនេះ អ្នកនាង ខាត់ សុខឃីម ក៏បានបន្ថែមថា ផ្ទះនេះមុនពេលវីរុសកូវីដ ១៩ រាតត្បាត គេសុំទិញដល់ទី ៥៥ ម៉ឺនដុល្លារ ប៉ុន្ដែអ្នកនាងមិនព្រមលក់ ដោយឡែកពេលនេះ អ្នកនាងប្រកាសលក់ឡៃឡុងចោលត្រឹមតម្លៃ ៥០ ម៉ឺនដុល្លារប៉ុណ្ណោះ ។

៤-ខាត់ សុឃីម ជួបទុក្ខធំព្រោះឪពុកទទួលមរណភាព

នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នេះ អ្នកនាង ខាត់ សុឃីម និង គ្រួសារត្រកូលខាត់ទាំងអស់បានជួបទុក្ខធំក្នុងជីវិត ដោយលោកឪពុកដែលគេស្គាល់ឈ្មោះ លីវ ខាត់ ជាសិល្បករផ្នែកបុរាណជើងចាស់ បានទទួលមរណភាព ។ មរណភាពរបស់លោកឪពុកនេះ បានធ្វើឱ្យ ខាត់ សុឃីម និង ក្រុមគ្រួសាររងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង ។ ជាមួយគ្នានេះ ខាត់ សុឃីម បានបង្ហោះសារយ៉ាងខ្លីតែក្តុលក្តួលនៅលើហ្វេសប៊ុកថា «លាហើយពុក» ព្រមទាំងដាក់រូបថតខ្មៅ បង្ហាញពីក្ដីឈឺចាប់ជាពន់ពេកដែលត្រូវបាត់បង់ឪពុកជាទីស្រឡាញ់គ្មានថ្ងៃវិលត្រឡប់ ៕

Related posts

Leave a Comment