ខេត្តព្រះសីហនុ៖ កាលរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោយមានការតវ៉ាពីក្រុមអាជីវករប្រមាណជាង១០០នាក់លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យអាជីវកម្មករលក់ដូរនៅទីសាធារណវិញហើយ។
លោក អ៊ី សុខឡេង បានអះអាងពីការព្រមព្រៀងគ្នារវាងអាជ្ញាធរ និងអាជីវករជាពិសេសផ្ដោតលើអ្នកលក់តាមកង់ ម៉ូតូ និងរថយន្តចល័ត ដែលត្រូវបានអនុញ្ញាតឲ្យលក់លើឆ្នេរ ការដ្ឋាន និងទីសារធារណៈ ប៉ុន្តែសម្រាប់អ្នកលក់ដូរដែលគ្មានទីលំនៅច្បាស់លាស់ តម្រូវឲ្យមានផ្ទះ ឬផ្ទះជួល ពោលគឺមិនអនុញ្ញតឲ្យយកកន្លែងសាធារណៈធ្វើជាកន្លែងស្នាក់នៅអចិន្ត្រៃយ៍ឡើយ។
លោកអភិបាលក្រុងព្រះសីហនុ បានថ្លែងថា៖ «សម្រាប់អ្នកលក់តាមការដ្ឋានសំណង់ មិនត្រូវលក់នៅលើផ្លូវ និងចិញ្ចើមផ្លូវ ឬលើផ្លូវដែលមានចរាចរណ៍ច្រើនឡើយ។ ចំណែកអ្នកលក់តាមឆ្នេរ ត្រូវរក្សាសណ្ដាប់ធ្នាប់ មិនត្រូវរៀបចំកន្លែងអង្គុយសម្រាប់ភ្ញៀវឡើយ និងត្រូវឲ្យមានធុងសំរាមត្រឹមត្រូវ។ សម្រាប់អ្នកលក់ដូរតាមផ្ទះគឺមិនចោទជាបញ្ហាឡើយ ព្រោះបានដោះស្រាយតាំងពីការសាងសង់ផ្លូវទាំង៣៤ខ្សែមក» ៕