អនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរង គ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ បានបង្ហាញថា គ្រួសារក្រីក្រ និងងាយរ ងគ្រោះ ដែលមានប័ណ្ណសមធម៌ ត្រូវបានទទួលប្រាក់ឧបត្ថម្ភ ដែលបែងចែកជា ៣ប្រភេទ
ចាប់ពី ១៦,០០០ រៀល ដល់ ១២ម៉ឺនរៀល ក្នុង ១ខែ។ ក្នុងនោះ កុមារអាយុក្រោម ៥ឆ្នាំ ជនពិការ និងចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង ព្រមទាំងគ្រួសារក្រីក្រ ដែលមានសមាជិកផ្ទុកមេរោគអេដស៍ ក៏មានឈ្មោះ ទទួលបានប្រាក់ឧបត្ថម្ភនេះដែរ។
តាមអនុក្រឹត្យ ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅទីប្រជុំជន ក្នុងរាជធានីភ្នំពេញ ទទួលបានពី ២៨០០០ រៀល ដល់ ១២ម៉ឺនរៀល។ ចំណែកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅទីប្រជុំជន ក្រៅពីរាជធានីភ្នំពេញ ក៏ទទួលបានពី ២៨០០០ រៀល ដល់ ១២ម៉ឺនរៀលដែរ។ រីឯប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅជនបទ ទទួលបានចាប់ពី ១៦០០០ រៀល ដល់ ៨ម៉ឺនរៀល។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ រាជរដ្ឋាភិបាល នឹងប្រកាសអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ នេះ៕