សម្ដេច ហ៊ុន សែន៖ ពលរដ្ឋទាំងអស់គួរតែស្វែងរកការងារធ្វើ មិនត្រូវរំពឹងតែលើការជួយរបស់រាជរដ្ឋាភិបាលនោះទេ

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នាក្នុងឱកាសនោះផងដែរ សម្ដេច ហ៊ុន សែន បានមានប្រសាសន៌ពាក់ព័ន្ធ នឹងបញ្ហាសេដ្ឋកិច្ចដែលពិភពលោកកំពុងជួបប្រទះ ក៏ដូចជាពលរដ្ឋខ្មែរទាំងមូលដោយសារតែការរាតត្បាតពីសំណាក់ជំងឺកូវីដ-១៩ ដោយសម្ដេច បានសង្កត់ធ្ងន់ថា៖«គ្មាននរណាម្នាក់អាចរស់ដោយគ្មានការងារ គ្មានប្រាក់ចំណូលនោះទេ ដែលត្រូវតែស្វែងរកការងារធ្វើ មិនអាចរំពឹងតែលើការជួយរបស់រាជរដ្ឋាភិបាលនោះទេ»។

គួរជម្រាបផងដែរថា នៅពេលនេះការសាសង់ព្រលានយន្តហោះថ្មីគឺសម្រេចបានប្រមាណ ៣០% ហើយ។ អាកាសយានដ្ធានថ្មីនេះជាប្រភេទ 4F ដែលអាចអោយយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។ សង្ឃឹមថាកម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើងក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះកសាងរួច។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់អោយបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ ៕

អត្ថបទ៖ KBN

Related posts

Leave a Comment