ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានឱ្យដឹងថា មកទល់ពេលនេះភាគីវៀតណាម បានស្នើពន្យាពេលរុះរើតង់របស់ខ្លួន ដែលមានចំនួន៣១ទីតាំងនោះ ដោយសារជំងឺកូវីដ១៩មិនទាន់មានស្ថានភាពធូរស្រាលនៅឡើយ។
ថ្លែងប្រាប់ BTV តាមរយៈទូរស័ព្ទ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា ការរុះរើតង់ចំនួន ៣១ទីតាំង របស់ភាគីវៀតណាម គឺត្រូវបានពន្យាពេលជាបណ្ដោះអាសន្ន ដោយភាគីវៀតណាមបានជូនដំណឹងដល់អាជ្ញាធរខេត្តកណ្តាល ផ្អែកអំពីមូលហេតុថាបន្តទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ តាមរយះការចេញចូលនៃតំបន់នេះ។
ទន្ទឹមនឹងការពន្យាពេលរុះរើតង់ខាងលើនេះ ឯកឧត្តម គង់ សោភ័ណ បានបញ្ជាក់ថា ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស បច្ចុប្បន្ននេះមាននគរបាល និងកងទ័ពដែលការពារនៅបន្ទាត់ព្រំដែនបានចុះល្បាតជាប្រចាំ ដើម្បីធានាចំពោះអធិបតេយ្យកម្ពុជា ឬការរំ លោ ភបំពានផ្សេងៗជាដើម។
យោងតាមកិច្ចជំនួបកាលពីដើមខែមិថុនានេះ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា បានស្នើឲ្យភាគីវៀតណាម រុះរើតង់ចេញទាំងអស់ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើមមិនកែប្រែក្នុងតំបន់នោះ រហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ដោះស្រាយកំណត់ខ្សែព្រំដែនជាក់លាក់ជាស្ថាពរនៅតំបន់នោះ ដើម្បីប្រែក្លាយតំបន់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងករណីនេះ កាលពីអំឡុងខែឧសភា កន្លងទៅ ក្រសួងការបរទេសកម្ពុជា បានធ្វើកំណត់ទូតតវ៉ាអំពីការបោះតង់របស់វៀតណាមចំនួន ៣១កន្លែង លើតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងខេត្តកណ្តាល នៃប្រទេសកម្ពុជា ជាប់នឹងខេត្តអានយ៉ាងនៃប្រទេសវៀតណាម ដោយស្នើឲ្យភាគីវៀតណាមរុះរើតង់ទាំងនោះចេញ និងបញ្ឈប់សកម្មភាពនានា ដើម្បីរក្សាស្ថានភាពដើមមិនកែប្រែ នៅក្នុងតំបន់នេះ ស្របតាមសេចក្តីប្រកាសរួមចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធព្រំដែនរវាងប្រទេសទាំងពីរ៕