(ខេត្តព្រះសីហនុ)៖ ចាប់ពីពេលនេះតទៅអាជ្ញាធរក្រុងព្រះសីហនុលែងអនុញ្ញាតឲ្យអ្នកលក់ដូរសម្ភារៈប្រើប្រាស់ម្ហូបអាហារ,បន្លែ,និងត្រីសាច់,ដែលដឹកតាមរទេះរុញ,ម៉ូតូ,ឬឡាន នៅតាមដងផ្លូវ,ចិញ្ចើមផ្លូវនិងទីតាំងសាធារណៈនានាក្នុងភូមិសាស្ត្រក្រុងព្រះសីហនុតទៅទៀតហើយ។ នេះបើយោងតាមកិច្ចប្រជុំរបស់សាលាក្រុងព្រះសីហនុជាមួយក្រុមអាជីវករកាលពីរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ យោងតាមខ្លឹមសារនៃអង្គប្រជុំបានលើកឡើងថាជាការកត់សម្គាល់អ្នកលក់ដូរទាំងអស់នោះបានប្រើមធ្យោបាយចល័តដូចជារទេះរុញ,ម៉ូតូកង់បីនិងឡាន,ចតលក់ដូរលើដងផ្លូវ,លើចិញ្ចើមផ្លូវតាមឆ្នេរ និងទីតាំងសាធារណៈនានាជាដើមដែលជាហេតុបង្កការលំបាកជាច្រើនដូចខាងក្រោម៖
១-បង្កឲ្យមានការស្ទះចរាចរនិងអាចគ្រោះ.ថ្នា.ក់.ច.រាចរ.ណ៍ជាយថាហេតុ
២-គ្មានសណ្តាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយសង្គម
៣-បាត់បង់សោភណ្ឌភាពទីក្រុង
៤-ការលក់ដូរមិនបានវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវបង្កផលប៉ះពាល់បរិស្ថាន
៥-អ្នកលក់ដូរតាមរទេះរុញ ម៉ូតូកង់បី និងឡានចល័តទាំងនេះ មិនមែនអ្នករស់នៅក្រុងព្រះសីហនុឬខេត្តព្រះសីហនុ នោះទេតែភាគច្រើនបំផុតគឺមកពីបណ្តាខេត្តផ្សេងៗ
៦-អ្នកលក់ដូរតាមម៉ូតូកង់បីនិងឡានចល័តភាគច្រើនបានប្រាប់ថា ពួកគាត់ស្នាក់នៅក្នុងម៉ូតូកង់បីនិងក្នុងឡានចល័តរបស់ខ្លួនរីឯអ្នកខ្លះបានប្រាប់ថាស្នាក់នៅក្នុងដីឡូតិ៍ដែលម្ចាស់មិនរស់នៅ បើដូច្នោះដីចិញ្ចើមផ្លូវ,ដីអូរ,ដីឆ្នេរ,ដីសាធារណៈ និងដីម្ចាស់មិនបានមើលថែប្រាកដជាក្លាយជាមុខសញ្ញាសម្រាប់ពួកគាត់រំលោភសាងសង់កន្លែងស្នាក់នៅអចិន្ត្រៃយ៍មិនខាន។
តាមប្រភពបានឲ្យដឹងដែរថា សាលាក្រុងព្រះសីហនុបានដាក់ចេញជាវិធានការចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលក្រុងនឹងមិនអនុញ្ញាតឲ្យមានរទេះរុញ,ម៉ូតូកង់បីនិងឡានចល័តយកដងផ្លូវ,ចិញ្ចើមផ្លូវ,ឆ្នេរនិងទីតាំងសាធារណៈចតលក់ដូរសម្ភារៈប្រើប្រាស់និងម្ហូបអាហារ,បន្លែ,ត្រីសាច់នៅក្នុងក្រុងព្រះសីហនុតទៅទៀតនោះទេ។ ករណីមិនអនុវត្តតាមការណែនាំរដ្ឋបាលក្រុងនឹងប្រើវិធានការរដ្ឋបាលចាប់មធ្យោបាយទាំងនោះយកមករក្សាទុកនៅសាលាក្រុងចាប់លើកទី១រក្សាទុកចន្លោះ១-២ សប្តាហ៍ចាប់លើកទី២នឹងមិនប្រគល់ឲ្យវិញនោះទេ។ សាលាក្រុងព្រះសីហនុក៏បានបញ្ជាក់ជូនផងដែរថារដ្ឋបាលក្រុងព្រះសីហនុមិនហាមឃាត់ចំពោះបងប្អូនដែលចង់ប្រកបអាជីវកម្មឬប្រកបមុខរបរនៅក្នុងក្រុងព្រះសីហនុនោះទេ ប៉ុន្តែសូមរកទីតាំងច្បាស់លាស់និងស្របច្បាប់ដើម្បីប្រកបអាជីវកម្មមិនអាចយកដងផ្លូវចិញ្ចើមផ្លូវ,ឆ្នេរនិងទីសាធារណៈប្រកបអាជីវកម្មនោះទេ៕
