នៅព្រឹកនេះមានការចាប់អារម្មណ៍មួយ ក្រោយពីគេបានឃើញសេដ្ឋីនី ទ្រី ដាណា បានអូសរថយន្តដ៏ប្រណិតមួយក្នុងលោក ម៉ាក Roll Royce ប្រភេទ SUV លើកដំបូងបំផុតលើពិភពលោក ដែលគេដឹងថាមានតម្លៃកប់ក្ដោង។
ម៉ាកពិតប្រាកដរថយន្តដ៏ប្រណិតនេះ គឺ Rolls-Royce Cullinan ដែលទើបប្រកាសបើកលក់ផ្លូវការនៅក្នុងប្រទេសថៃប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។ យ៉ាងណា នៅថ្ងៃនេះ រថយន្តលំដាប់អភិជនមួយនេះ ក៏បានមានវត្តមាននៅក្នុងប្រទេសកម្ពុជាយើងដែរ ហើយក៏ត្រូវបានសេដ្ឋីចិត្តល្អ ទ្រី ដាណា ទិញយកធ្វើជាកម្មសិទ្ធិរួចហើយ។
លោក ហ៊ា រិទ្ធ ដែលជាស្វាមីរបស់អ្នកនាង ទ្រី ដាណា បានបង្ហោះរូបភាពរថយន្តនេះនៅលើហ្វេសប៊ុករបស់ខ្លួន បង្ហាញពីការមកដល់នូវសមាជិកថ្មីដ៏ហំហាននេះ ដែលសរុបទៅ គូស្វាមីភរិយាលំដាប់អភិជនរូបនេះមានរថយន្តប្រភេទ Rolls Royce ចំនួន២គ្រឿងហើយ ក្នុងនោះទាំងពីរគឺមានពណ៌សដូចគ្នា ដែលមួយគ្រឿងមុន គឺប្រភេទ Rolls Royce ធម្មតា។
រថយន្ត Rolls-Royce Cullinan ប្រភេទ Black Badge ស៊េរីឆ្នាំ២០២០ដែលប្រកាសលក់នៅថៃប៉ុន្មានថ្ងៃមុននេះ(រូបតំណាង)
ក្រុមអ្នកគាំទ្ររបស់អ្នកនាង ទ្រី ដាណា ជាច្រើនបានចូលរួមអបអរសាទរគូស្វាមីភរិយាមួយគូនេះ។ តាមព័ត៌មានក្រៅផ្លូវការមួយបានឲ្យដឹងថា រថយន្ត Rolls-Royce Cullinan គឺជាស៊េរីទំនើបបំផុតក្នុងចំណោមត្រកូល Roll Royce ហើយវាត្រូវបានអ្នកស្រី ទ្រី ដាណា ដែលល្បីឈ្មោះនៅលើបណ្ដាញសង្គម បានបញ្ជាទិញប្រមាណ ១០ថ្ងៃមុន ហើយថ្ងៃនេះ ទើបតែមកដល់ ហើយ ទ្រី ដាណា ក៏បានបង្ហាញមុខចូលទៅទទួលយកសមាជិកថ្មីនៅព្រឹកមិញពីហ្គារ៉ាស់ធំមួយក្នុងរាជធានីភ្នំពេញ។
ចំពោះតម្លៃ ប្រភពមួយបានលួចបង្ហើបថា Rolls-Royce Cullinan គឺមានតម្លៃប្រមាណជាង ៩០ម៉ឺនដុល្លារអាមេរិកឯណោះ។ ត្បិតថា ស្ត្រីអភិជនដែលធ្លាប់មានប្រវត្តិជាអ្នកលក់ខោអាវក្រោមឆ័ត្រ ទើបបានបង្ហាញជាសាធារណៈ ថាជាម្ចាស់លើរថយន្តប្រភេទ SUV ទី១ក្នុងសែស្រឡាយ Rolls Royce នៅព្រឹកនេះក៏ពិតមែន ប៉ុន្តែតាមប្រភពមិនបញ្ចេញឈ្មោះដដែលបានឲ្យដឹងថា មានបុគ្គលលំដាប់អភិជនច្រើននាក់ហើយ ដែលបានក្លាយជាម្ចាស់លើ Rolls-Royce Cullinan នៅក្នុងស្រុកខ្មែរ៕