កាន់តែតានតឹងហើយ កូរ៉េខាងត្បូងសម្រេចបញ្ជូនកងទ័ព និងសព្វាវុធទៅកាន់ព្រំដែនក្រោយកូរ៉េខាងជើងមិនព្រមចរចា

សេអ៊ូល៖ក្រោយពីមន្ត្រីសន្តិសុខកំពូលៗ នៅក្នុងប្រទេសកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាគ្នាពីការព្រមានជាបន្តបន្ទាប់ ពីសំណាក់កូរ៉េខាងជើង ដែលកំពុងបង្កឱ្យមានភាពតានតឹងរឹតតែខ្លាំងនៅលើឧបទ្វីបកូរ៉េ រហូតមានការស្នើសុំចរចា ប៉ុន្តែត្រូវបានរបបក្រុងព្យុងយ៉ាងបដិសេធ។

បើតាមទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ កិច្ចប្រជុំបន្ទាន់ខាងលើដឹកនាំដោយនាយកទីប្រឹក្សាសុន្តិសុខជាតិកូរ៉េខាងត្បូង លោក Chung Eui-yong ធ្វើឡើងបន្ទាប់ពីប្អូនស្រី មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺជាអ្នកនាង គីម យូ ជុង (Kim Yo Jong) បានព្រមានជាថ្មីម្ដងទៀតថាទីក្រុង ព្យុងយ៉ាង នឹងចាត់វិធានការសងសឹក ក្នុងនោះរួម មានទាំងសកម្មភាពយោធា ប្រឆាំងនឹងការបង្ហោះសារប្រមាថ និងរិះគន់លោក គីម ដោយប្រជាជនកូរ៉េខាងជើង ដែលកំពុងរស់នៅជ្រកកោននៅលើទឹកដីកូរ៉េខាងត្បូង។

ក្រោយពីកូរ៉េខាងជើងបដិសេធសំណើសុំចរចា ខណៈពេលនេះ កូរ៉េខាងត្បូងបានសម្រេចបញ្ជូនកងទ័ព និងសព្វាវុធទៅកាន់ព្រំដែន ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយពីសំណាក់កងកម្លាំងកូរ៉េខាងជើង។

ទោះបីជាយ៉ាងណា ស្ថានការណ៍នៅតាមតំបន់ព្រំដែនរវាងបងប្អូនកូរ៉េទាំងពីរមិនទាន់មានការផ្ទុះអាវុធនៅឡើយទេ៕

Related posts

Leave a Comment