ដំណាំមៀនប៉ៃលិន ឬហៅថា តាង៉ែន កំពុងមានការដាំដុះ និងទទួលបានទិន្នផលយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលការរាំងស្ទះសម្រាប់កសិករនោះគឺការខ្វះទីផ្សារនាំចេញដំណាំប្រភេទនេះទៅក្រៅប្រទេស ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្រសួងកសិកម្ម កំពុងពិភាក្សា និងបានដាក់សំណើរួចហើយទៅកាន់ចិន ក្នុងការនាំផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារចិន បន្ទាប់ពីការនាំចេញស្វាយស្រស់ដែលមានការអនុញ្ញាតដោយភាគីមានភាពរលូនបន្តិច ។
កាលពីថ្ងៃទី១៤ ខែមិថុនាឯកឧត្តម វេង សុខុន បានមានប្រសាសន៍នៅក្នុងកិច្ចសំណេះសំណាលជាមួយប្រជាជនដាំតាង៉ែន នៅខេត្តប៉ៃលិនថា បច្ចុប្បន្នក្រសួងកំពុងជំរុញ និងចរចាជាមួយភាគីចិន ដោយយកចិត្តទុកដាក់ និងស៊ីជម្រៅទាំងការងារបច្ចេកទេស និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យសំខាន់ៗ ដែលភាគីកម្ពុជា ត្រូវបំពេញឱ្យខាងតែបាន ដោយថ្មីៗនេះ ក្រសួងបានទទួលចម្លើយបឋមពីភាគីចិនថា ករណីសំណើនាំចេញមៀនប៉ៃលិន ភាគីចិនបាននិងកំពុងពិនិត្យលើឯកសារសំណើនេះតាំងពីខែមិថុនា ឆ្នាំ២០១៩ ។
ឯកឧត្តម ក៏បានណែនាំដល់សមាគមផ្លែមៀនប៉ៃលិន និងអ្នកដាំត្រូវខិតខំផលិតផ្លែមៀនឱ្យមានគុណភា ពល្អតាមក្បួនខ្នាតបច្ចេកទេស មានទាំងការដាំដុះ ការថែរក្សា ការពារសត្វចង្រៃ ការប្រើជី និងថ្នាំ ដោយក្រោយពេលប្រមូលផល ពិសេសការអនុវត្តកសិកម្មល្អ (GAP) នៅនឹងចម្ការផ្ទាល់ និងការអនុវត្តកន្លែងកែច្នៃល្អ (GMP) តែម្តង ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាំចេញ ។
សូមបញ្ចាក់ថា បច្ចុប្បន្នការដាំមៀនប៉ៃលិន ឬ តាង៉ែននៅក្នុងខេត្តប៉ៃលិន មានចំនួនសរុបជាង ៣២៥០ហិកតា ក្នុងមួយឆ្នាំៗ ផ្តល់ទិន្នផលបានជាង ៣២ ៥០០តោន ៕