ប្រពៃណាស់ ជួយគាំទ្រវប្បធម៌​ជាតិផង! លោក ស័​ក្ខ​រា បង្កើត​សាលា​សិល្បៈ​ ហ្វូណន​ ឡើងដើម្បី​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ជាតិ ឲ្យ​យុវជន​បាន​ស្វែងយល់

នាយក​សាលា​សិល្បៈ​ហ្វូណន លោក ស៊ុប ស័​ក្ខ​រា មាន​ទស្សនៈ​ថា បើ​ចង់ឱ្យ​យុវជន​ស្រឡាញ់​សិល្បៈ​បុរាណ ទាល់តែ​ឱ្យ​ពួកគេ​ស្គាល់​សិល្បៈ​ទាំងនោះ​ជាមុនសិន​។ ដោយសារតែ​មានគំនិត​ដូច្នោះ​ហើយ ទើបបានជា​លោក ស័​ក្ខ​រា បង្កើត​សាលា​សិល្បៈ​ហ្វូណន​ឡើង ដើម្បី​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ជាតិ ឱ្យ​យុវជន​បាន​ស្វែងយល់​។​

​ជា​នាយក​សាលា​សិល្បៈ​ហ្វូណន លោក ស៊ុប ស័​ក្ខ​រា ដែលមាន​ជំនាញ​តន្ត្រីបុរាណ បាន​បង្កើត​ក្រុម​បង្រៀន​ភ្លេងបុរាណ ដើម្បី​បង្រៀន​សិស្ស​ដែល​រៀន​ជំនាញ​ផ្សេងៗ នៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ឱ្យបាន​ហាត់រៀន តាំងតែ​ពី​លោក​នៅ​ជា​និស្សិត​នៅឡើយ​។ នេះ​គឺជា​យុទ្ធសាស្ត្រ​មួយ​របស់លោក ស័​ក្ខ​រា ដើម្បី​ទាញ​យុវជន​ឱ្យ​ស្គាល់​អ្វី​ជា​មរតក​បុរាណ​។

លោក ស៊ុប ស័​ក្ខ​រា ពន្យល់​ដូច្នេះ​ថា ​មុននឹង​ឱ្យ​គាត់​(​យុវជន​)​ស្រឡាញ់ សួរថា​គាត់​បាន​ស្គាល់​សិល្បៈ​បុរាណ​ឬក៏​អត់​? បើ​គាត់​មិន​ស្គាល់​គាត់​មិន​ស្រឡាញ់​ទេ​។ បើ​គាត់​មិនដឹង គឺ​គាត់​មិនចេះ​ទេ​។ ដូច្នេះ​ចង់ឱ្យ​គាត់​ស្រឡាញ់​ក៏​មិន​បានដែរ​។

​អ្វីដែល​ខ្ញុំ​គិត ប្រសិនបើ​មនុស្ស​ម្នាក់ ចេះ​ផ្លុំ​ខ្លុយ​តែមួយ​បទ ឬ​រៀន​រនាត​តែមួយ​បទ គាត់​អាច​ផ្សាយ​ទៅ​មនុស្ស​បាន​៥​នាក់​។ ដូច្នេះ​មនុស្ស​ទាំង​៥​នាក់​នោះ មាន​មោទកភាព​ចំពោះ​គាត់​។ បើ​យើង​បន្ត​បេសកកម្ម​នេះ​ទៀត ទៅដល់​មនុស្ស​មួយ​លាន​នាក់ គាត់​អាច​ផ្សាយ​ទៅ​មនុស្ស​ប្រាំ​លាន​នាក់​ទៀត ហើយ​និង​បន្តបន្ទាប់​ទៀត អ៊ីចឹង​វា​អាច​នឹង​ឈានដល់​ទូទាំងប្រទេស​​។​

​ទោះជា​យ៉ាងណាក៏ដោយ ការបង្កើត​ព្រឹត្តិការណ៍​សម្ដែង​សិល្បៈ ឱ្យបាន​ញឹកញាប់ ក៏​ជាការ​ផ្ដល់ឱកាស​ឱ្យ​យុវជន​បាន​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ កាន់តែច្រើន​ដែរ ហើយ​នេះ​គឺជា​គោលដៅ​របស់​សាលា​សិល្បៈ​ហ្វូណន ដែល​ដឹកនាំ​ដោយ​លោក ស៊ុប ស័​ក្ខ​រា​។

Related posts

Leave a Comment