នៅទីបំផុតទៅ សាលាអន្តរជាតិ CIA First យល់ព្រមបញ្ចុះថ្លៃសិក្សាជូនតាមសំណើរបស់មាតាបិតា អាណាព្យាបាលសិស្ស បន្ទាប់ពីមានការតវ៉ា ជាច្រើនលើក ច្រើនសារ និងមានការដាក់លិខិត ទៅកាន់ខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រី កាលពីពេលកន្លងទៅផង។ សេចក្ដីសម្រេចរបស់សាលា CIA First នេះធ្វើឡើងបន្ទាប់ពីមានការអន្តរាគមន៍ពីក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០។
យោងតាមលិខិតជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យបញ្ជាក់ថា ការសម្រេចរបស់សាលា CIA First នាពេលនេះ គឺឈរលើគោលការ២យ៉ាងគឺ៖ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចរបស់មាតាបិតាសិស្សផង និងធានានិរន្តរភាពនៃដំណើរការសាលារៀនផងចៀងវាង បច្ច័យអវិជ្ជមាននៃការបិទសាលារៀន និងតបតាមដីកាចុះថ្ងៃទី០២ មិថុនា ឆ្នាំ២០២០ របស់ខុទ្ទកាល័យសម្ដេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះដែរ អាណាព្យាបាលសិស្ស សាលាដែលមានកូនសិក្សាក្នុងសាលា CIA First ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាលាដែលយល់ ពីស្ថានភាពសេដ្ឋកិច្ចរបស់ពួកគាត់ ព្រមទាំងបានថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជន និងកីឡាដែលបាន ធ្វើជាអាជ្ញាកណ្ដាល ដោះស្រាយបញ្ហានេះ ជូនពួកគាត់រហូត ដល់មានដំណោះស្រាយជាវិជ្ជមាន៕