ជួយគាំទ្រផលិតផលខ្មែរយើងផង! «សូត្រមាសភាច» និមិត្តរូបនៃប្រណិតភាពសូត្រមាសខ្មែរ និងមោទនភាពនៃប្រពៃណីតម្បាញសូត្រដោយដៃ នៅក្នុងស្រុកបន្ទាយស្រី…

បើយោងតាមគណនីផេកផ្លូវការរបស់លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា «សូត្រមាសភាច»៖ និមិត្តរូបនៃប្រណិតភាពសូត្រមាសខ្មែរ និងមោទនភាពនៃប្រពៃណីតម្បាញសូត្រដោយដៃនៅក្នុងស្រុកបន្ទាយស្រី។

ជឿទេប្រសិនបើខ្ញុំប្រាប់ថា នៅទីនេះ សំពត់ចរបាប់ដែលធ្វើឡើងពីសូត្រខ្មែរ១០០%និងត្បាញដោយដៃ ក្នុងមួយក្បិនត្រូវការពេលចាប់ពី២ទៅ៣ឆ្នាំ ឆ្លងកាត់ថ្វីដៃអ្នកតម្បាញដ៏បុិនប្រសព្វជាច្រើននាក់ និងអាចមានតម្លៃរាប់មុឺនដុល្លារ?

តម្បាញសូត្រគឺជាកេរមត៌កវាយភ័ណ្ឌប្រពៃណីរបស់ខ្មែរ ដែលមានប្រវត្តិល្បីល្បាញតាំងពីសម័យហ្វុណន។ នាពេលនោះ អ្នកត្បាញសូត្រត្រូវបានទទួលកម្រៃជាពិសេសដើម្បីធ្វើការផលិត ផ្គត់ផ្គង់ និងពាក់បានសម្រាប់តែព្រះមហាក្សត្រ ព្រះរាជវង្សនុវង្ស និងអ្នកវណ្ណៈខ្ពស់ក្នុងសង្គមតែប៉ុណ្ណោះ។

«សូត្រមាសភាច» គឺជាសិប្បកម្មតម្បាញសូត្រដ៏កម្រមួយដែលបានព្យាយាមអភិរក្សប្រពៃណីនេះ និងគោរពបទដ្ឋាននៃបច្ចេកទេសបុរាណទាំងស្រុង ដែលជាហេតុតម្រូវអោយសិប្បកម្មនេះត្រូវមានច្រវាក់ផលិតកម្មទាំងមូលនៅក្នុងកន្លែងតែមួយដោយខ្លួនឯង រាប់តាំងពីការដាំស្លឹកមន ចិញ្ចឹមកូននាងយកសម្បុក ការច្នៃរចនាម៉ូដ ការងារតម្បាញ ការផលិតពណ៌ដោយធម្មជាតិ និងហាងតាំងលក់ផលិតផលសូត្រ។ «សូត្រមាសភាច» សម្រិតសម្រាំងយកតែសរសៃសូត្រនិងក្បូរក្បាច់រចនាដែលមានគុណភាពខ្ពស់បំផុត ដែលសូម្បីតែស្លឹកមននិងកូននាងត្រូវបានដាំនិងចិញ្ចឹមនៅក្នុងបរិស្ថានដែលមិនមានការប្រើប្រាស់ជាតិគីមីជាដាច់ខាត។

នេះគឺជាមោទនភាពមួយរបស់ស្រុកបន្ទាយស្រី និងជាមោទនភាពរបស់ខ្មែរ ដែលមានផលិតផលសូត្រដ៏ល្អវិសេសវិសាលនិងមានស្តង់ដាគុណភាពខ្ពស់កម្រិតអន្តរជាតិបែបនេះ ហើយដែលយើងទាំងអស់គ្នាគួរនាំគ្នាជួយផ្សព្វផ្សាយ ក៏ដូចជាអភិរក្ស ថែរក្សា និងអោយតម្លៃទាំងអស់គ្នា។

Related posts

Leave a Comment