សូមប្រយ័ត្ន គ្រោះថ្នាក់ខ្លាំងណាស់! ចាប់បានបន្លែ៦មុខ នាំចូលមកពីវៀតណាម ដែលមានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត…

កណ្តាល៖ សមត្ថកិច្ចច្រកទ្វារអន្តរជាតិជ្រៃធំ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានធ្វើការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពបន្លែ ផ្លែឈើគ្រប់ប្រភេទ ដែលអាជីវករខ្មែរនាំពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិជ្រៃធំ ដែលស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ដោយបានរកឃើញបន្លែ ចំនួន៦មុខ មានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត។

ប្រតិបត្តិការនេះដឹកនាំដោយ លោក មួង ដារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិជ្រៃធំ, លោក អ៊ូ ម៉ានរិន ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) សហការជាមួយ លោក សែ ជុនទ្រី ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិជ្រៃធំខេត្តកណ្តាល ដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ។

ក្នុងកិច្ចសហប្រតិបត្តិការណ៍នេះ ក.ប.ប បានយករថយន្តបំពាក់ដោយឧបករណ៍វិភាគទៅដល់ទីតាំងត្រួតពិនិត្យនៃការិយាល័យគយ និងរដ្ឋាករជ្រៃធំតែម្តង ហើយបានធ្វើការវិភាគលើបន្លែចំនួន២២មុខ ដែលរួមមាន៖ ស្ពៃបូកគោ, ត្រសក់, ស្ពៃក្ដោប, ត្របវែង, ប៉េងប៉ោះ, ផ្កាខាត់ណា, ពោតបារាំង, ផ្កាស្នោរ, ក្រូចឆ្មារ, ឃ្លោក, ម្រះ, ម្ទេស, ត្របស្រួយ, ល្ពៅ, ននោង, សណ្ដែកបារាំង, ក្រូចឆ្មារ (តែជ្រក់), ស្លឹកខ្ទឹម, ម្ទេសប្លោក, ប៉េង ប៉ោះខៀវ, ផ្កាគូឆាយ និងផ្កាឡៃហៀងជាដើម។

ក្នុងការត្រួតពិនិត្យនោះ សមត្ថកិច្ចជំនាញ បានរកឃើញបន្លែចំនួន០៦មុខ រួមមាន៖ ស្ពៃបូកគោ, ផ្កាខាត់ណា, ពោតបារាំង, ក្រូចឆ្មារតូច(សម្រាប់ធ្វើតែជ្រក់), ផ្លែល្ពៅ និងផ្កាគូឆាយ មានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត គ្មានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ និងមិនអនុញ្ញាតឱ្យនាំចូលជាបណ្តោះអាសន្ន។ ក្រៅពីនេះ ពុំឃើញមានជាតិគីមីពុល ឬខូចគុណភាពដែលនាំឱ្យប៉ះពាល់ដល់សុខភាពឡើយ ពោលគឺគុណភាពល្អ និងមានសុវត្ថិភាពសម្រាប់បរិភោគ។

លោក អ៊ូ ម៉ានរិន ប្រធានសាខា ក.ប.ប ខេត្តកណ្តាល បានឲ្យដឹងថា ការចុះពិនិត្យនេះ លោកបានឲ្យក្រុមការងារឆែកយកបន្លែតាមប្រភេទនីមួយៗ ទៅច្រកថង់ផ្លាស្ទិកដែលគ្មានមេរោគ ដោយមានកត់ចំណាំលេខកូដតាមរថយន្ត និងឈ្មោះម្ចាស់ទំនិញ ដើម្បីយកទៅពិនិត្យធ្វើតេស្កគុណភាពលើបន្លែទាំងនេះ។

លោក មួង ដារ៉ា ប្រធានការិយាល័យគយ និងរដ្ឋាករច្រកទ្វារអន្តរជាតិជ្រៃធំ បានឲ្យដឹងដែរថា ក្រោយពីទទួលបានលទ្ធផលមុខទំនិញចំនួន៦មុខ ដែលមន្ត្រី ក.ប.ប ខេត្តកណ្តាលរកឃើញមានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វល្អិតទាំងនេះ លោកនឹងផ្អាកជាបណ្តោះអាសន្ន មិនឲ្យម្ចាស់ទំនិញនាំចូលមកកម្ពុជាទៀតទេ។ ចំពោះមុខទំនិញនិងបន្លែផ្សេងៗ លោកនឹងសហការជាមួយមន្ត្រី ក.ប.ប ដើម្បីពិនិត្យតាមដានបន្តទៀត ហើយប្រសិនបើរកឃើញបន្លែ នៅតែមានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត (សារធាតុគីមី) លោកនឹងបញ្ឈប់ឲ្យមានការនាំចូលតែម្តង។

លោក មួង ដារ៉ា ក៏បានអំពាវនាវដល់ក្រុមអាជីវករខ្មែរ ដែលរកជំនួញបន្លែនាំពីប្រទេសវៀតណាមចូលមកកម្ពុជា គួរប្រុងប្រយ័ត្ន ដោយពិនិត្យទំនិញ និងដាក់លក្ខខណ្ឌជាមួយវៀតណាម ឲ្យបានច្បាស់លាស់ មុននឹងនាំយកចូលមកកម្ពុជា។ បើសិនជាពួកគាត់ នៅតែធ្វេសប្រហែស ហើយនាំបន្លែដែលមានផ្ទុកកាកសំណល់ថ្នាំសម្លាប់សត្វល្អិត ដូចលើកនេះទៀតនោះ គាត់នឹងប្រឈមការខាតបង់លុយកាក់ដើមទុន ជាពិសេសប្រជាពលរដ្ឋកម្ពុជាដូចគ្នា ដែលទិញបន្លែរបស់ក្រុមអាជីវករ នាំយកទៅលក់ឲ្យពួកគាត់ហូបនោះ គឺដូចកំពុងបំផ្លាញសុខភាពខ្មែរគ្នាឯងអញ្ចឹងដែរ៕

ប្រភព៖ KBN

Related posts

Leave a Comment