(សៀមរាប)៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរស្រុកប្រាសាទបាគង សហការជាមួយអាជ្ញាធរជាតិអប្សរា បានសម្រេចដាក់ម៉ាស៊ីនបូមយកភក់ចេញកសិន្ធុប្រាសាទបាគង ក្រោយពីកសិន្ធុនេះបានរីងទឹក ធ្វើឱ្យត្រីធំៗមួយចំនួនបានងាប់។
បើយោងតាមលោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹងថា ដើម្បី សង្គ្រោះត្រី ដែលនៅសល់ កាលពីម្សិលម៉ិញអាជ្ញាធរបានប្រើប្រាស់វិធានការ ៣រួចមកហើយ គឺទី១.សមត្ថកិច្ចបានយករថយន្តដឹកទឹកពីក្រៅមកបញ្ចូលក្នុងកសិន្ធុ ដើម្បីឱ្យត្រីនៅសេសសល់អាចបន្តរស់បាន។ ទី២.ការបុកអណ្តូងទឹកដើម្បីបូមបញ្ជូលទៅក្នុងកសិន្ធុនេះ ។
ទី៣.កម្លាំងប្រជាការពារកាយភក់ចេញដើម្បីឱ្យជ្រៅបន្តិច ហើយនៅថ្ងៃនេះអាជ្ញាធរស្រុកប្រាសាទបាគង សហការជាមួយអាជ្ញាធរជាតិអប្សរា បានសម្រេចដាក់ម៉ាស៊ីនបូមភក់ចេញពីកសិន្ធុ បន្ទាប់ពីអាជ្ញាធរសិក្សាឃើញថា នៅខាងក្រោមពើកដែលរលួយមានទឹកដក់នៅច្រើន។ ដូច្នេះបើបូមយកភក់ដែលជាកម្ទេចពើករលួយចេញទឹកនឹងមានច្រើន អាចឱ្យត្រីបន្តរស់នៅបាន។
លោកបានបន្តទៀតថា ទោះជាយ៉ាងនេះក្តី យើងមិនទាន់ដឹងពីលទ្ធផលនៅឡើយទេថា មានប្រសិទ្ធភាពប៉ុណ្ណាគិតត្រឹមម៉ោង ៤រសៀលថ្ងៃទី១១ ខែមិថុនានេះ ដោយសារក្រុមការងារកំពុងតែរៀបចំដាក់ម៉ាស៊ីនចូល។
បើតាមលោក អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឲ្យដឹងដែរថា ដើម្បីដោះស្រាយបញ្ហានេះ នៅថ្ងៃអនាគត់អាជ្ញាធរជាតិអប្សរា មានគោលដៅស្នើសុំទៅរាជ រដ្ឋាភិបាល ធ្វើការអភិវឌ្ឍបារាយណ៍ប្រាសាទលលៃឡើងវិញ ដើម្បីអាចស្តុកទឹកបានច្រើនឡើងវិញ និងអាចជួយធ្វើឱ្យកសិន្ធុប្រាសាទបាគងនេះឈប់រីងទឹកបន្តទៀត។ ដោយសារតែបារាយណ៍ប្រាសាទលលៃនេះ មានប្រព័ន្ធភ្ជាប់គ្នាជាមួយកសិន្ធុប្រាសាទបាគង។
លោកបន្តថា អាជ្ញាធរជាតិអប្សរាធ្លាប់អនុវត្តន៍ជាក់ស្តែងទទួលបានជោគជ័យរួចមក នៅបារាយណ៍ប្រាសាទនាគព័ន្ធ ដែលកាលពីមុននៅទីនោះឱ្យតែដល់រដូវប្រាំងគឺទឹករីងអស់។ ប៉ុន្តែបន្ទាប់ពីបានធ្វើការអភិវឌ្ឍន៍ឡើងវិញឃើញថា នៅបារាយណ៍ប្រាសាទនាគព័ន្ធមិនរីងទៀតទេ៕ ប្រភព៖ skyradiokh.com