តាមទំព័រហ្វេសប៊ុករដ្ឋបាលស្រុកបាគងឱ្យដឹងថា លោកអភិបាលស្រុកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកប្រាសាទបាគង សហការណ៍ ជាមួយអាជ្ញាធរជាតិអប្សរា កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នេះ ដើម្បីធ្វើការពិនិត្យស្ថានភាពទឹក ក្នុងកសិន្ធុប្រាសាទបាគង ដើម្បីរកវិធីជួយសង្គ្រោះត្រី ដែលនៅសេសសល់ ។
រដូវប្រាំងឆ្នាំនេះបានធ្វើឱ្យទឹកក្នុងកសិន្ធុប្រាសាទបាគង រីងហួតរាក់ជាងឆ្នាំមុនៗ កំដៅព្រះអាទិត្យបានធ្វើទឹកឡើងកំដៅ ដែលជាហេតុធ្វើឱ្យត្រីខ្លះ បានងាប់ គួរឱ្យសោកស្តាយបំផុត ។សូមជម្រាបជូនថា ទឹកក្នុងកសិន្ធុនេះ តាំងពីបុរាណ្យកាលមកគឺពឹងផ្អែកទៅលើទឹកភ្លៀង ដែលហូរចូលពីរដូវវស្សា គ្មានប្រពន្ធ័និងប្រភពទឹកសម្រាប់បង្ហូរបញ្ចូលបន្ថែម
ដូចនេះជាគោលការណ៍ សម្រាប់ដំណោះស្រាយជំហានដំបូង យើងបានសម្រេច សហការណ៍គ្នា ធ្វើការដឹកទឹកតាមរយះរថយន្តពន្លត់អគ្គីភ័យ យកមកបូមបញ្ចូល ដើម្បីសង្គ្រោះត្រីដែលនៅសេសសល់ ជាមួយគ្នានេះក្រុមការងារ បានធ្វើការបុកអណ្តូង និង កាយជាស្រះក្បែរទីតាំងនេះ ដើម្បីទាញយកប្រភពទឹកមកបូមបញ្ចូលក្នុងកសិន្ធុប្រាសាទបាគងនេះផងដែរ ៕