សូមបងប្អូន​ឈប់យល់ច្រឡំ ! ក្រសួងកសិកម្ម បានអះអាងថា សាច់​ជ្រូក​ឡេីងថ្លៃ​បណ្ដាល​មក​ពី​ កូវីដ​ ១៩​

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ច្រានចោលការចោទប្រកាន់ថា ការរឹតត្បិតការនាំចូលជ្រូក និងការបិទក្រុមហ៊ុននាំចូលល្មើសច្បាប់ ធ្វើឱ្យសាច់ជ្រូកលើទីផ្សារឡើងថ្លៃ។

ការចេញមកច្រានចោលការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីកាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ សមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា បានរៀបចំអង្គប្រជុំពិភាក្សាលើប្រធានបទ «ជ្រូកឡើងថ្លៃខុសប្រក្រតី»។

អគ្គនាយកដ្ឋានសុខភាពសត្វបានបញ្ជាក់ថា ការគ្រប់គ្រងការនាំចូលជ្រូករស់ ពីបរទេសមកផ្គង់ផ្គង់ទីផ្សារកម្ពុជា មិនពាក់ព័ន្ធនឹងអំពើពុករលួយឡើយ ផ្ទុយទៅវិញទទួលបានការសាទរ ពីសមាគមចិញ្ចឹមសត្វកម្ពុជា ហើយបានជំរុញ និងលើកទឹកចិត្តសមាជិកសមាគម ក៏ដូចជាកសិករ ឱ្យធ្វើការពង្រីកកសិដ្ឋានចិញ្ចឹមសត្វ និងការចិញ្ចឹមជាលក្ខណៈគ្រួសារ។

អគ្គនាយកដ្ឋានបន្តថា ជាក់ស្តែងរយៈពេល៥ខែដើមឆ្នាំ ២០២០នេះ អគ្គនាយកដ្ឋានទទួលបានការស្នើសុំបង្កើតកសិដ្ឋាន២៣កន្លែង (ខ្នាតធំ៧កន្លែង ខ្នាតមធ្យម២កន្លែង និងខ្នាតតូច ១៤កន្លែង) បើធៀបនឹងឆ្នាំ២០១៩ ពេញមួយឆ្នាំទទួលបានការស្នើសុំបង្កើត ក៏សិដ្ឋានតែចំនួន១០កន្លែងប៉ុណ្ណោះ។ រីឯការនាំចូលមេជ្រូកពូជមានចំនួន១៤,០០០ក្បាល ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ ដែលមានការកើនឡើងខ្ពស់បើធៀបនឹងឆ្នាំ២០១៩ គឺការនាំចូលមានត្រឹម ៧៨៤០ក្បាល និងកូនជ្រូកពូជ នាំចូលរយៈពេល៥ខែដើមឆ្នាំ២០២០ មានចំនួន ៨៨,៨៧០ក្បាលនាំចូលរយៈពេល៥ខែដើម ឆ្នាំ២០១៩ ហើយការនាំចូល ដើម្បីបំពេញតម្រូវការ ក្នុងប្រទេសសម្រាប់រយៈពេញមួយឆ្នាំ២០១៩ មានចំនួនត្រឹមតែ ២២១៨៥ក្បាលប៉ុណ្ណោះ។

ក្នុងរយៈពេលជាង៥ខែ ដើមឆ្នាំ២០២០នេះ តម្លៃជ្រូករស់មានចន្លោះពី១១,០០០រៀល ទៅ១២,០០០រៀល/គីឡូក្រាម ហើយការកើនតម្លៃជ្រូករស់ដល់ ១៤,២០០រៀល/គីឡូក្រាម ទើបតែកើតឡើងពី២ ទៅ៣ថ្ងៃនេះ ហើយកើតមាននៅតាមកន្លែងមួយចំនួនប៉ុណ្ណោះ។

ការលក់សាច់ជ្រូកនៅលើទីផ្សារថ្លៃចន្លោះពី១៨ ០០០ ទៅ ២២ ០០០រៀល/គីឡូក្រាម គឺដោយសារក្នុងដំណាក់កាលផ្ទុះជំងឺកូវីដ១៩ កម្មវិធីជួបជុំធំៗ និងពិធីផ្សេងៗមិនត្រូវបានរៀបចំ ហើយភោជនីយដ្ឋាននានាមិនត្រូវបានដំណើរការ ធ្វើឱ្យអាជីវករលក់តែសាច់ជ្រូកសុទ្ធនៅលើទីផ្សារ ចំណែកឯឆ្អឹង ជើង និងគ្រឿងក្នុងមិនត្រូវបានប្រើប្រាស់ឱ្យអស់លទ្ធភាពនោះឡើយ។ ដូច្នេះតម្លៃដែលអាជីវករអាចលក់រកប្រាក់ចំណេញបាន គឺត្រូវបូក បញ្ចូលថ្លៃទាំងអស់មកលើសាច់តែម្ដង ៕

Related posts

Leave a Comment