ហួសចិត្ត!! ធុងសំរាមដែលដាក់ ពង្រាយតាមទីតាំងជាច្រើន ត្រូវបានចោរលួចជាបន្ដបន្ទាប់ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងចាប់ខ្លួនចោរទាំងនោះ…

មួយរយៈពេលចុងក្រោយនេះ ការបោះចោលសំរាម បានកំពុងក្លាយទៅជាប្រធានបទមួយយ៉ាងក្ដៅគគុក នៅក្នុងសង្គម ក៏ដូចជានៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ដែលគ្រប់គ្នាបានលើកយកមកជជែកវែកញែក ដើម្បីស្វែងរកដំណោះស្រាយ ដែលត្រូវឲ្យប្រជាពលរដ្ឋមួយចំនួន កែប្រែទម្លាប់ដ៏អាក្រក់ ក្នុងការបោះចោលសំរាម ដោយគ្មានសណ្ដាប់ធ្នាប់នេះ។

ក្នុងនោះដែរ រាជរដ្ឋាភិបាលបានកំពុងតែយកចិត្ដទុកដាក់យ៉ាងខ្លាំង ដែលសូមឲ្យប្រជាពលរដ្ឋមានការយល់ដឹង ក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យសោភ័ណ្ឌភាពទីក្រុងរបស់យើងមានសម្រស់ស្រស់បំព្រង។ ប៉ុន្ដែអ្វីដែលជារឿងដ៏សែនហួសចិត្ដជាទីបំផុត ស្ថិតនៅឯខេត្ដព្រះសីហនុ វិញនោះ ធុងសំរាមជាច្រើន ដែលរដ្ឋបាលខេត្ដព្រះសីហនុ បានដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ នៅតាមផ្លូវសាធារណៈ សម្រាប់ទុកដាក់សំរាមនោះ បែរជាមានជនខិលខូចមួយចំនួនតូច បានលួចយកទៅជាបន្ដបន្ទាប់ឥតស្រាកស្រាមសោះឡើយ។

បើតាមរយៈ ការបង្ហោះរបស់គេហទំព័រ ហ្វេសប៊ុកផេក ប្រជាជន ខេត្ដព្រះសីហនុ បានសរសេរប្រាប់ឱ្យដឹងថា៖”មិនជួយថែរក្សាបរិស្ថានហើយ លួចធុងសំរាមទៀត។ ធុងសំរាមដែលត្រូវបានដាក់ពង្រាយតាមទីតាំងជាច្រើន ត្រូវបានជនមិនស្គាល់មុខលួចជាបន្ដបន្ទាប់។ យើងពិតជាសោកស្ដាយ ចំពោះទង្វើដ៏អគតិមួយនេះ ហើយគ្មានការលើកលែង ឬអនុគ្រោះឡើយ ចំពោះជនអគតិ ដែលលួចធុងសំរាមទាំងនេះ។ ករណីនេះលោកអធិការក្រុងព្រះសីហនុ បានចេញបញ្ជាដល់ប៉ុស្ដិទាំង៤ក្នុងក្រុង ស្រាវជ្រាវ និងចាប់ខ្លួនចោរទាំងនោះ”។

Related posts

Leave a Comment