លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្ម កម្ពុជាបានឲ្យដឹងកាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ថា កម្ពុជាអាច នឹងបញ្ជួន ពលករខ្មែរប្រមាណ ១ម៉ឺននាក់ទៅធ្វើការនៅប្រទេសថៃនៅដើមខែកក្តដា ឆ្នាំ២០២០នេះ ដោយសារស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាលឡើងវិញ។ លោក អន ប៊ុនហាក់បានបន្តថា«តាមដំណឹងថៃ នឹងបើកនៅដើមខែក្រោយតែរង់ចាំមើលការប្រកាសសិន»។
លោកបានបន្ថែមថាយ៉ាងណាក៏ដោយយើងរង់ចាំមើលការប្រកាសដកប ម្រា មដា ក់ប្រទេសក្នុងគ្រាអាសន្នជាផ្លូវការពីរាជរដ្ឋាភិបាលថៃ និងមានការបើកច្រកព្រំដែន ជាមួយកម្ពុជា ឡើងវិញ និងមានការណែនាំពីក្រសួងការងារថៃ ក៏ដូចជាស្ថានទួតថៃ ប្រចាំនៅកម្ពុជាជាមុនសិនទើបយើងអាចបញ្ជួន ពលករទៅបានព្រោះថាបច្ចុប្បន្ន នេះនិយោជកថៃបានទាក់ទងម កថា គេកំពុង ខ្វះកម្លាំងពលកម្មច្រើន។
ជាមួយគ្នានេះដែរ លោកបានស្នើឲ្យនិយោជនថៃធ្វើការទំនាក់ទំនងជាមួយរដ្ឋាភិបាលរបស់ខ្លួនដើម្បីឲ្យដឹងថានៅពេលបើក ច្រកនៅដើមខែកក្តដា នេះអាចបញ្ជួនពលករ ខ្មែរទៅបានឬយ៉ាងណា ព្រោះយើងបានត្រៀមឯកសារពាក់ព័ន្ធរួចរាល់អស់ហើយ ទាំងទិដ្ឋាការនិងប័ណ្ណធានារ៉ាប់រង សុខភាពសម្រាប់បញ្ជួនពលករទៅធ្វើការនៅថៃ។
លោកបានឲ្យដឹងទៀតថាក្រៅពីនេះសមាគម បានស្នើឲ្យទីប្រឹក្សាការងារ ប្រចាំនៅស្ថានទួតខ្មែរប្រចាំនៅថៃជួយទំនាក់ទំនងជាមួយក្រសួងការងាររបស់ថៃ ដើម្បីដឹងពីអ្វីជាផែនការនិងគោលនយោបាយរបស់ប្រទេសងាយស្រួលសមាគមត្រៀម ខ្លួននិងឆ្លើយតបឲ្យបានទាន់ពេលវេលា។
លោកបានបញ្ជាក់ថាតាមផែនការនៅឆ្នាំ២០២០នេះកម្ពុជាគ្រោង នឹងបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសប្រមាណ ២០ម៉ឺននាក់ក្នុងនោះរួមមានប្រទេសថៃ ជប៉ុន សឹង្ហបុរី ហុងកុងនិងម៉ាឡេស៊ីប៉ុន្តែ រហូតមកដល់ពេលនេះបញ្ជូនបានត្រឹមតែ៥ម៉ឺននាក់ប៉ុណ្ណោះ ដោយសារប្រទេសទាំងនោះមានបញ្ហាជំងឺកូវីដ១៩។
សូមរំលឹកថាបច្ចុប្បន្ននេះកម្ពុជាមានពលករកំពុងធ្វើការនៅក្រៅប្រទេសប្រមាណ ១លាន ២សែននាក់ក្នុងនោះប្រទេសថៃ មានច្រើនជាងគេ គឺមានរហូត ១លាននាក់ ដោយបានផ្ញើថវិកា មកក្រុមគ្រួសារប្រមាណជាង២ពាន់លានដុល្លារ អាមេរិកក្នុង១ឆ្នាំៗ ដែលបានជួយលើកស្ទួយដល់សេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើងថែមទៀត៕