ស្ងាត់ៗវៀតណាមចាប់ផ្តើមប្រកាសមហិច្ឆិតាថ្មី ជំរុញការស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗផលិតអាវុធទំនើបសម្រាប់នាំចេញទៅបរទេសវិញ…

រដ្ឋាភិបាលវៀតណា ចាប់ផ្តើមប្រកាសមហិច្ឆិតាថ្មីរបស់ខ្លួនក្នុងទីផ្សារអាវុធពិភពលោក ដោយផ្តល់អ្នកវិទ្យាសាស្ត្រផ្នែកយោធា ជំរុញការស្រាវជ្រាវ និងផលិតអាវុធដោយប្រើបច្ចេកវិទ្យាទំនើបៗ ដើម្បីជំរុញការនាំចេញអាវុធទៅកាន់ទីផ្សារពិភពលោក។ នេះបើតាមសម្តីរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម Ngo Xuan Lich និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក To Lam នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកឡើងថា អាជ្ញាធរយោធា ត្រូវតែផ្តោតលើការសិក្សាស្រាវជ្រាវបច្ចេកវិទ្យាសព្វាវុធជាអាទិភាព ដើម្បីជំរុញទៅដល់ការបង្កើតឲ្យមានសហគ្រាសសម្រាប់វិស័យការពារជាតិ។

ក្នុងរបាយការណ៍ស្តីពីចំណាត់ថ្នាក់កម្លាំងយោធាប្រចាំឆ្នាំ ២០២០ ចេញផ្សាយដោយភ្នាក់ងារ Global Firepower មានមូលដ្ឋាននៅអាមេរិក កងយោធាវៀតណាម ត្រូវចាត់ទុកជាកងយោធាខ្លាំងលេខរៀងទី ២២ ក្នុងចំណោមប្រទេសសរុប ១៣៨ ដែលមានក្នុងបញ្ជីវាយតម្លៃ។

ប៉ុន្តែបើយោងតាមរបាយការណ៍ភ្នាក់ងារស្រាវជ្រាវទីផ្សារអាវុធពិភពលោក ICD Research សមត្ថភាពផលិតសព្វាវុធយោធាក្នុងប្រទេសនេះ គឺមានការអភិវឌ្ឍន៍តិចតួចបំផុត ដោយសារតែវៀតណាម ពឹងផ្អែកទាំងស្រុងទៅលើឧបករណ៍ បរិក្ខាពីបរទេស ដើម្បីបំពេញដើម្បីការក្នុងវិស័យយោធារបស់ខ្លួន។
ផែនការវាយឡុកចូលទៅផ្សារអាវុធពិភពលោក កំពុងជំរុញឲ្យសហគ្រាសធុនមធ្យមរបស់ប្រទេសនេះ ប្រថុយប្រថាន សហការជាមួយរដ្ឋាភិបាល ដើម្បីទទួលសិទ្ធិផលិត និងលក់អាវុធដោយផ្ទាល់។

កាលពីមុខ ឧស្សាហកម្មយោធារបស់វៀតណាម គឺពឹងផ្អែកស្ទើរទាំងស្រុងទៅលើការផ្គត់ផ្គង់ពីសំណាក់ប្រទេសរុស្ស៊ី ប៉ុន្តែបច្ចុប្បន្ន ការផ្គត់ផ្គង់សព្វាវុធយោធាពីសហរដ្ឋអាមេរិក ក៏ដូចជាអឺរ៉ុប បានជ្រៀតចូលទីផ្សាររបស់ប្រទេសនេះ តាមរយៈកិច្ចព្រមព្រៀងទិញលក់ផ្ទាល់សម្រាប់ប្រព័ន្ធការពារជាតិកម្រិតខ្ពស់។ ទោះជាយ៉ាងណា រដ្ឋាភិបាលវៀតណា ពីមួយជំនាន់ទៅមួយជំនាន់ នៅតែសម្លឹងរកការអភិវឌ្ឍន៍ប្រព័ន្ធការពារជាតិដោយខ្លួនឯង៕

Related posts

Leave a Comment