ក្នុងសម័យបច្ចុប្បន្ននេះ ប្រទេសកម្ពុជា មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងផលិតនូវរបស់របរប្រើប្រាស់ និងផលិតផលផ្សេងៗ ដែលជាតម្រូវការរបស់ប្រជាជននៅឡើយទេ ដោយយើងសង្កេតឃើញថា របស់របរទាំងនោះត្រូវបានគេនាំចូលពីក្រៅប្រទេស ក៏ដូចជាប្រទេសជិតខាងយើងជាដើម។
ជាក់ស្តែងបើយើងនិយាយអំពីចង្កឹះវិញ បងប្អូនប្រិយមិត្តប្រាកដដឹងរួចមកហើយថា សម័យនេះគេបានបង្កើតនូវចង្កឹះឈើ ដែលអាចបង្កភាពងាយស្រួលជាខ្លាំងដល់មនុស្ស ព្រោះវាមានតម្លៃថោក ហើក៏មិនចាំបាច់ក្នុងការលាងសំអាត ដូចទៅនឹងសម័យពីមុននោះទេ ពិតជាមានភាពងាយស្រួលខ្លាំងណាស់។
ចំពោះចង្កឹះនេះផងដែរ គឺត្រូវបានគេនាំចូលពីបរទេស ដែលជាប្រទេសជិតខាងដូចជា ប្រទេសវៀតណាម និងប្រទេសថៃជាដើម ហើយវាមានផ្ទុកទៅដោយសារជាតិគីមីជាច្រើនដើម្បីរក្សាទុកឲ្យបានយូរ ដែលធ្វើឲ្យប៉ះពាល់ជាខ្លាំងទៅដល់សុខភាពប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះសូម្បីតែតម្លៃក៏ថ្លៃផងដែរ។
ដោយឡែក ពេលនេះ ខ្មែរអាចបង្កើតចង្កឹះ ដោយគ្មានជាតិគីមីបានដោយខ្លួនឯងហើយ ដែលនេះគឺជាការលើកឡើងតាមរយៈគណនីហ្វេសបុកឈ្មោះ ហេង ឃីម (Heng Khim) បាននិយាយថា«បេសកម្មត្រូវបានបញ្ចប់ហើយ សង្ឃឹមថាបន្តិចទៀត ខ្មែរលែងបារម្ភ ពីរឿងចង្កឹះ ចង្កាក់ មានគីមីទៀតហើយ។»។ ចំណែកឯទីតាំងនៃការផលិតដំបូងនោះ គឺស្ថិតនៅភូមិកំបោរ ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។