ដោយសារមានគំនិតតស៊ូមិនបោះបង់! ពីមុនត្រឹមជាអ្នកលក់កាហ្វេនៅតាមចិញ្ចើមផ្លូវ តែពេលនេះក្លាយជាថៅកែហាង និងជាស្ត្រីដ៏ជោគជ័យម្នាក់…

បើនិយាយពីយីហោភេសជ្ជៈតែគុជ Queen Bee Café មានយុវវ័យខ្មែរជាច្រើនធ្លាប់បានដឹង និង ស្គាល់ហើយ ថែមទាំងធ្លាប់បានភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់នូវភេសជ្ជៈរបស់យីហោកូនខ្មែរមួយនេះជាក់ជាមិនខាន ។ តែគេប្រហែលជាមិនដឹងទេថា ស្ថាបនិកនៃយីហោភេសជ្ជៈតែគុជមួយនេះ មានម្ចាស់ដែលជានារីរូបស្រស់ម្នាក់មានវ័យទើបតែ ២៨ ឆ្នាំនោះទេ។ កាលពីមុនស្ថាបនិករូបនេះ ធ្លាប់ធ្វើការងារនៅតាមក្រុមហ៊ុននានា ដោយអាចរកប្រាក់ចំណូលបានខ្ទង់ពាន់ដុល្លារ តែរូបគាត់បែរជាបោះបង់ការងារនោះចោល ហើយមកប្រកបរបរ ឬ បើកអាជីវកម្មផ្ទាល់ខ្លួន ដោយមុនដំបូងផ្តើមបើកលក់តាមរទេះ រហូតមកដល់ពេលនេះគឺទទួលបានជោគជ័យយ៉ាងខ្លាំង ឈានទៅពង្រីកសាខាបានចំនួន ១០ កន្លែងទៀត ។ មិនតែប៉ុណ្ណោះស្ថាបនិករូបនេះ ថែមទាំងទទួលបានពានរង្វាន់ចំនួន៣ ពីសំណាក់វិទ្យាស្ថាន CEO Master Club ទៀតផង ។

ពេលជួបជាមួយ «ប្រជាប្រិយ» អ្នកស្រី ញៀវ យិនហ្គេច ដែលគេបានស្គាល់ថា ជាសហគ្រិនស្ត្រីវ័យក្មេងមានអាយុទើបតែ ២៨ ឆ្នាំរូបនេះ បានឱ្យដឹងថា៖ ​នៅឆ្នាំ២០១៥ អ្នកស្រីបានចាប់ផ្តើមអាជីវកម្មដំបូងគ្រាន់តែជាអ្នកលក់តាមរទះ ដោយចំណាយដើមទុន ១៥០០ ដុល្លារ ហើយការចាប់ ផ្តើមរយៈពេល ៣ ខែដំបូង គឺមានការខាតជារៀលរាល់ខែ ប៉ុន្តែខាតមិនច្រើនទេ ត្រឹមតែ ១០០ ដុល្លារប៉ុណ្ណោះក្នុងមួយខែៗ ព្រោះអាជីវកម្មតូច ណាមួយមានភ្ញៀវជួយទិញច្រើន គ្រាន់តែពេលនោះ ទឹកភេសជ្ជៈធ្វើមិនសូវឆ្ងាញ់ ដូច្នេះមិនអាចទាក់ចិត្តភ្ញៀវឱ្យមកទិញ ជាប្រចាំបានឡើយ រហូតចូលដល់ខែទី ៤ ទើបអាចរកប្រាក់ចំណេញបានមកវិញ ។ ហើយនៅឆ្នាំ ២០១៦ បានប្តូរពីការលក់តាមរទះមកជាការបើកហាងវិញ និង ឈានទៅបើកពង្រីកសាខាជាបន្តបន្ទាប់បានរហូតដល់១០កន្លែង និង គ្រោងពង្រីកសាខាបន្ថែមទៀត ពិសេសលក់ហ្វ្រេនឆាយដល់អ្នកនៅតាមបណ្តាខេត្ត ដែលចង់សហការរកស៊ីជាមួយ ។

បើទោះបីជា មានការបើកលក់ភេសជ្ជៈយ៉ាងច្រើនព្រោងព្រាតក្តី ក៏ការលក់ភេសជ្ជៈនៅហាង Queen Bee Café នៅតែលក់ដាច់ច្រើនជាធម្មតា គឺដោយសារតែផលិតផលភេសជ្ជៈ Queen Bee Café មានរសជាតិឆ្ងាញ់ប្លែកត្រូវទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន ពិសេសវត្ថុធាតុដើមសម្រាប់ផលិត គឺ នាំចូលមកពីប្រទេសថៃ និង តៃវ៉ាន់ ។

ស្ថាបនិក QueenbeeCafe បានបញ្ជាក់ប្រាប់ទៀតថា មានកត្តាជាច្រើន ដែលធ្វើឱ្យអតិថិជនចាប់អារម្មណ៍ ចំពោះ ផលិតផល ភេសជ្ជៈ Queen Bee Café ក្នុងនោះ សំខាន់ទីតាំងហាងគឺត្រូវបានជ្រើសរើស សម្រាប់អតិថិជនងាយស្រួលចេញ ចូល,ផលិតផលភេសជ្ជៈមានគុណភាព មានរសជាតិឆ្ងាញ់ថ្មីប្លែក ត្រូវមាត់ត្រូវចិត្តអតិថិជន,មានសេវាកម្មល្អ ស្គាល់ និង ដឹងពីអ្វីដែលជាតម្រូវការរបស់អតិថិជន សិក្សាស្វែងយល់ពីភេសជ្ជៈថ្មីៗរួចយកមកកែច្នៃបង្កើតជាផលិតផលថ្មី សម្រាប់លក់ជូនអតិថិជនបានភ្លក្ស និង ដឹងរសជាតិ ។

នៅពេលដែលជំងឺកូវីដ ១៩ បានរាតត្បាតនៅពាសពេញពិភពលោកនោះ បានធ្វើឱ្យការលក់ដូរក៏មានការថមថយប្រមាណជា ៣០ ភាគរយដែរ តែចំពោះហាង Queen Bee Café បានប្រើវិធីផ្តល់ប្រូម៉ូសិន ដោយលក់ ១ កែវ ថែមជូនមួយកែវ ពិសេសគឺលក់តាមអនឡាញ ដោយមានការដឹកជញ្ជូនដល់ទីកន្លែងទៀតផង ។ ការធ្វើបែបនេះគឺបើទោះចំណេញតិច តែអាចលក់បានច្រើន ហើយមិនបាត់បង់អតិថិជនទៀតផង ។

**រំលឹកពីការចាប់ផ្តើមអាជីវកម្មដំបូង៖

ព្រោះតែចង់មានមុខរបរផ្ទាល់ខ្លួន ហើយដោយសារមានសម្ពាធខ្លាំង នៅកន្លែងធ្វើការផងនោះ អ្នកស្រី ញៀវ យិនហ្គេច ស្ថាបនិក Queen Bee Café បានសម្រេចចិត្តបោះបង់ការងារ ដែលអាចរកប្រាក់ចំណូលបានខ្ទង់ពាន់ដុល្លារអាមេរិកនោះ មកចាប់យកមុខរបរលក់កាហ្វេតាមចិញ្ចើមផ្លូវ មុនពេលដែលអាចវិវត្តន៍ខ្លួនមកជាយីហោមានហាងចំនួន ១០ កន្លែង ដូចសព្វថ្ងៃនេះ ។

Related posts

Leave a Comment