ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានចុះអន្តរាគមន៍ចំពោះអាជីវករ ដែលមិនព្រមទទួលយកប្រាក់ដុល្លាក្រដាស១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ។ ក្នុងនោះដែរ សមត្ថកិច្ចបានណែនាំអោយចាយធម្មតាវិញតាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាបន្តល្មើស និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល។
ការចុះអន្តរាគមន៍នេះ ក្រោយពីមានការបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមថា នៅសាខាលក់ផលិតផលឡុងបូរ៉ាបណ្ឌិតសេដ្ឋី នៅសាខាមណ្ឌលគិរី នៅចំណុចក្បែរមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅភូមិចំបក់សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ លក់ដូរមិនយកប្រាក់ដុល្លារក្រដាស ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ កាលពីព្រឹកថ្ងៃទី២ ខែមិថុនានោះ កម្លាំងនគរបាលបានចុះដល់គោលដៅសួរនាំ រកឃើញថាជាពត៌មានពិតមែន។
សូមជម្រាបផងដែរថា យោងតាមទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស អោយបានជ្រាបបន្ថែមលើការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ គឺបានបញ្ជាក់ច្បាស់ហើយថា៖ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ $1, $2, និង $5 គឺនៅតែចាយបានធម្មតានៅលើទីផ្សារទូទាំងប្រទេស គឺមិនមានការហាមប្រាមមិនអោយចាយដូចពាក្យចចាមអារាមនោះទេ ៕