អស្ចារ្យណាស់! ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការបាញ់បង្ហោះយានដោយជោគជ័យ របស់​ SpaceX និង NASA នៅថ្ងៃនេះ ត្រូវបានពិភពលោកសាទរ…

អាមេរិក៖ យានអវកាសក្រុមហ៊ុន SpaceX ដែលដឹកអវកាសយានិករបស់អង្គការណាសា ចំនួនពីររូប បានហោះឡើងទៅកាន់ទីអវកាស នៅថ្ងៃអាទិត្យនេះ ដែលនេះជាលើកទី១ ដែលមនុស្សបានធ្វើដំណើរទៅក្នុងគន្លងផែនដី ពីទឹកដីអាមេរិកដោយផ្ទាល់ ក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ។

ការចាកចេញបានកើតឡើងនៅម៉ោង ២:២០ទៀបភ្លឺ (ម៉ោងនៅកម្ពុជា) ពីមជ្ឈមណ្ឌលអវកាស Kennedy Space Center នៃរដ្ឋផ្លរីដា។

អវកាសយានិក Robert Behnken អាយុ៤៩ឆ្នាំ និងលោក Douglas Hurley អាយុ៥៣ឆ្នាំ នឹងចំណាយពេលប្រហែល១៩ម៉ោង នៅលើយានអវកាស Crew Dragon របស់ក្រុមហ៊ុន​ SpaceX ខណៈពេលដែលវាបើកយឺតៗ ឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ។

យានអវកាសនេះត្រូវបានគេរំពឹងថា នឹងចូលចតនៅស្ថានីយអវកាស នៅម៉ោង៩:២៩យប់ ថ្ងៃអាទិត្យ ទី៣១ ខែឧសភា នេះដដែល។

សហរដ្ឋអាមេរិកមិនបានបញ្ជូនអវកាសយានិករបស់ខ្លួន ចូលទៅក្នុងទីអវកាស ចាប់តាំងពីកម្មវិធីអវកាសបានបញ្ចប់ ក្នុងឆ្នាំ២០១១។ ចាប់តាំងពីពេលនោះមក អវកាសយានិករបស់អង្គការណាសាត្រូវបានធ្វើដំណើរ ទៅកាន់ប្រទេសរុស្ស៊ី និងហ្វឹកហាត់លើយានអវកាស Soyuz របស់ប្រទេសនេះផងដែរ។ កន្លែងទាំងនោះបានធ្វើឲ្យណាសា ចំណាយប្រាក់អស់៨៦លានដុល្លារ ក្នុងមួយកៅអី។

ការបាញ់បង្ហោះនេះក៏ត្រូវបានកត់សម្គាល់ផងដែរថា វាជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ ដែលក្រុមហ៊ុនអាកាសចរណ៍មួយ បានដឹកមនុស្សចូលទៅក្នុងគន្លងផែនដី។ ក្រុមហ៊ុន SpaceX បានធ្វើការ លើយានអវកាស Crew Dragon អស់រយៈពេល១៥ឆ្នាំមកហើយ៕

Related posts

Leave a Comment