ចប់បាត់! សត្វស្វាក្បាលខូច មួយក្រុមលួចយកសំណាកឈាមអ្នកឆ្លងជំងឺ COVID-19 នៅប្រទេសឥណ្ឌា…

(ញូដេលី)៖ អាជ្ញាធរឥណ្ឌានាថ្ងៃសុក្រនេះបានឲ្យដឹងថា សត្វស្វាមួយក្រុមនៅក្នុងប្រទេសឥណ្ឌា បានធ្វើសកម្មភាពវាយឆ្មក់ទៅលើ មន្រ្តីពេទ្យម្នាក់ ហើយបានលួចសំណាកឈាមមួយចំនួនរបស់អ្នកជំងឺ COVID-19 យកទៅបាត់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០។

ហេតុការណ៍ខាងលើបានកើតឡើងក្នុងសប្តាហ៍នេះ នៅពេលអ្នកបច្ចេកទេសមន្ទីរពិសោធន៍ម្នាក់ កំពុងតែដើរក្នុងបរិវេណសាកល វិទ្យាល័យវេជ្ជសាស្រ្តមួយកន្លែង ស្ថិតក្នុងទីក្រុង Meerut នៃរដ្ឋ Uttar Pradesh។ ក្រោយវាយឆ្មក់លើអ្នកបច្ចេកទេសរូបនោះ ក្រុមសត្វស្វាក៏បានប្រមូលយកសំណាកឈាមអ្នកជំងឺ COVID-19 ចំនួន០៤នាក់ ដែលកំពុងទទួលការព្យាបាល ហើយរត់គេចខ្លួន ទៅបាត់។

បើតាមអ្នកជំនាញឥណ្ឌា វាមិនច្បាស់នោះទេថា សត្វស្វាអាចឆ្លងជំងឺ COVID-19 ដែរឬអត់ ប្រសិនបើពួកវាប៉ះពាល់ជាមួយឈាម អ្នកដែលមានជំងឺនេះ។ មេរោគ COVID-19 ត្រូវគេជឿថា មានប្រភពដើមមកពីសត្វ ហើយចម្លងមកកាន់មនុស្សយើង នៅឯផ្សារ លក់សត្វព្រៃមួយកន្លែង ក្នុងទីក្រុង Wuhan ប្រទេសចិន កាលពីចុងឆ្នាំមុន។

គួរជម្រាបថា បច្ចុប្បន្ន សត្វស្វាកាន់តែមានវត្តមានច្រើនឡើងៗ នៅតាមតំបន់មនុស្សរស់នៅក្នុងប្រទេសឥណ្ឌា ហើយពួកវាបាន បង្កការរំខានផ្សេងៗ រហូតដល់ពេលខ្លះមានការវាយប្រហារមកលើមនុស្សថែមទៀតផង។ ក្រុមអ្នកគាំពារបរិស្ថាន បានអះអាងថា ការបំផ្លិចបំផ្លាញជម្រកធម្មជាតិ គឺជាមូលហេតុចម្បងដែលធ្វើឲ្យសត្វស្វាផ្លាស់ទីចូលមកកាន់តំបន់ទីប្រជុំជន ដើម្បីស្វែងរក អាហារ៕ ប្រភព៖ Fresh News

Related posts

Leave a Comment