សូមប្រយ័ត្នកុំប្រហែសឲ្យសោះ!! ថ្ងៃនេះ ក្រសួងសុខាភិបាល រកឃើញករណីឆ្លងកូវីដ១៩ ចំនួន១ករណីទៀត ជាករណីនាំចូលខណៈអ្នកជំងឺ១នាក់ទៀតជាសះស្បើយ…

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានប្រកាសថា ខ្លួនបានរកឃើញមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ទៀត ដែលទើបត្រឡប់មកពីចូលរួមសិក្សាសាសនានៅប្រទេសថៃ ខណៈដែលថ្ងៃនេះដែរ មានអ្នកជំងឺកូវីដ១៩ ម្នាក់បានជាសះស្បើយថែមទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

បើតាមក្រសួងសុខាភិបាល, ករណីវិជ្ជមានថ្មីនេះ ត្រូវបានរកឃើញនៅលើខ្លួនបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបានទៅចូលរួមសិក្សាសាសនាមួយនៅសាលាមួយនៃខេត្តយ៉ាឡាក្នុងប្រទេសថៃ ហើយបានវិលត្រឡប់មកពីប្រទេសថៃវិញ ដោយបានធ្វើដំណើរតាមរថយន្តទេសចរណ៍១២កៅអី (មានតែក្រុមគាត់ ១០នាក់ និងអ្នកបើកបរ) រហូតមកដល់ច្រកចូលអូរបីជាន់ រួចបានឆ្លងចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ បុរសរូបនេះ ត្រូវបានក្រុមគ្រូពេទ្យយកវត្ថុសំណាក របស់គាត់ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០។ បច្ចុប្បន្ន បុរសខាងលើរូបនេះ ត្រូវបានបញ្ជូនទៅសម្រាក ព្យាបាល នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃដដែល នេះរួចហើយដែរ។ ចំណែកបុរស ០៨នាក់ផ្សេងទៀត មានតេស្តអវិជ្ជមាន កំពុងដាក់បន្តធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅមណ្ឌលធ្វើចត្តាឡីស័ករបស់ខេត្ត។ រីឯបុរសម្នាក់ទៀត កំពុងរង់ចាំយកវត្ថុ សំណាកទៅធ្វើការវិភាគនៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ឡើងវិញ ហើយរូបគាត់ត្រូវបានដាក់ឱ្យនៅ តាមដាននៅក្នុងមន្ទីរពេទ្យខេត្តបន្ទាយមានជ័យនាពេលបច្ចុប្បន្ននេះ។

ដោយឡែក ករណីជាសះស្បើយវិញ គឺស្ត្រីជនជាតិខ្មែរ អាយុ ៣៩ឆ្នាំ មានទីលំនៅនៅសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ដែលបានវិលត្រឡប់ មកពីសហរដ្ឋអាមេរិក។ រូបគាត់ទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន ០២លើក ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ រួចហើយ។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញករណីកូវីដ១៩ ចំនួន១២៥ករណីហើយ ដែលក្នុងនោះ១២៣នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង២នាក់ (បូកទាំងករណីថ្មីនេះ) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រសួងសុខាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខា ភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាម៉េរិក និង វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យសុខភាព និងស្រាវជ្រាវរកករណីកូវីដ-១៩ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធានការ នានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

ប្រភព៖ Fresh news

Related posts

Leave a Comment