រាជធានីភ្នំពេញ ៖ យោងតាមវីដេអូដែលបានបង្ហោះឡើងលើឆានែលយូធូបរបស់លោក ស៊ន អេលីត ដែលជាបងប្រុសរបស់កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ម្ចាស់មេដាយមាសកីឡាអាស៊ីលើកទី១៧ នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូងបានបង្ហាញពីពិធីភ្ជាប់ពាក្យរបស់ប្អូនស្រីនាថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២០ នេះនៅគេហដ្ឋានសង្កាត់គីឡូម៉ែត្រលេខ៩ រាជធានីភ្នំពេញ។
នៅក្រោមការបង្ហោះលោក ស៊ន អេលីត បានបញ្ជាក់ទាំងទឹកចិត្តស្រលាញ់ប្អូនស្ទើរស្រក់ទឹកភ្នែកថា៖ «ធ្លាប់តែឃើញកញ្ញា ស៊ន សៀវម៉ី រកមេដៃជូនជាតិជាហូរហែរាប់មិនអស់ ប៉ុន្តែថ្ងៃនេះគឺជាថ្ងៃដ៏មង្គលរបស់កញ្ញា ស៊ន សៀវម៉ី»។ ជាមួយគ្នានេះក៏មានប្រភពពីសារព័ត៌មានបានឲ្យដឹងថា អនាគតស្វាមីម្ចាស់មេដាយមាសកីឡាស៊ីហ្គេម៣សម័យ ស៊ន សៀវម៉ី មានឈ្មោះថា កែវ ដេវិត ជាអ្នកជំនាញខាងថតរូបនិង Pre-wedding ហើយគម្រោងរៀបការនឹងកំណត់នៅពេលស្ថានភាពជំងឺកូវីដ១៩ផុតរលត់ចេញពីកម្ពុជា៕