ថ្មីៗនេះ ប្រិយមិត្តជាច្រើនពិតជាបានជ្រាបហើយថា មានក្មេងប្រុស ៣ នាក់ ដាច់ចិត្តលួចបេះទុរេនគេ ក្នុងចំការរបស់ប្រជាពលរដ្ឋ នៅស្រុកកំពង់ត្រាច ខេត្ត កំពត ហើយក៏ត្រូវម្ចាស់ចំការ តាមចាប់បាន ប្រគល់អោយសមត្ថកិច្ច នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ ដោយម្ចាស់ទាមទារសំណង ១០០០ ដុល្លារ ។
ដោយឃេីញក្មេងប្រុសទាំងនោះ ក្រីក្រ ហេីយទេីបតែលួចបេះ ១ផ្លែ លោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនគរបាលខេត្តកំពត បានអោយសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុក កំពង់ត្រាច ធ្វើការអប់រំ និង អោយឪពុកម្ដាយ មកធ្វើលិខិតធានាយកទៅផ្ទះវិញ ។
ដោយក្តីអាណិត នៅថ្ងៃនេះ គេបានឃើញ លោក ផែង វណ្ណៈ បានឲ្យអ្នកតំណាងបានយកផ្លែទុរេន និងថវិកាមួយចំនួន ជូនដល់ក្មេងៗទាំង៣នាក់នេះហើយ។
លោក ផែង វណ្ណៈ បានបញ្ជាក់បន្ថែមថា “នៅព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ ខ្ញុំបានប្រគល់ ទុរេន ចំនួន ១៥ គីឡូក្រាម និង ថវិកាមួយចំនួន ៦០ ម៉ឺនរៀល ជូនដល់ក្មួយៗ៣នាក់ ដែលឃ្លានទុរេនតែអត់លុយទិញបានលួចបេះផ្លែទុរេនគេ ១ផ្លែ ។ ក្មួយប្រុសម្នាក់ៗទទួលបាន ទុរេន ៥គីឡូក្រាម ថវិកា ២០ ម៉ឺនរៀល ។ តំណាងរបស់ខ្ញុំបានអប់រំ ណែនាំ បន្ថែមដល់ក្មួយៗទាំងបី ត្រូវកែប្រែខ្លួនអោយក្លាយជាក្មេងល្អ ហេីយត្រូវឈប់លួចគេតទៅទៀត ។
សកម្មភាពរបស់ខ្ញុំបាទមិនបានលេីកទឹកចិត្តចោរទេ តែជាសកម្មភាពមនុស្សធម៌ដែលបានធ្វើចំពោះជនក្រីក្រតែប៉ុណ្ណោះ ។”៕