នៅក្នុងឳកាសដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំសួនកំសាន្តឆ្នេរអូរត្រេះ២ កលាពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០លោក គួច ចំរើនអភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានលើកឡើងថាឆ្នេរសមុទ្រមិនអនុញ្ញាតិឱ្យមានការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់យកលុយនោះទេ ដោយទុកឆ្នេរសមុទ្រជាឆ្នេរលំហសាធារណ: សម្រាប់យើងទាំងអស់គ្នា ។
លោក ម៉ាត់ លី អ្នកគ្រប់គ្រងក្រុមហ៊ុន អូរត្រេះ មេនេចមេន បានធ្វើបទបង្ហាញ ស្តីពីគម្រោងអភិវឌ្ឃន៍តំបន់ឆ្នេរអូរត្រេះ២ ប្រវែង១,៧៤៦ម៉ែត្រ ដើម្បីចូលរួមអភិវឌ្ឍបង្កើនសោភណ្ឌភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណ: ការការពារបរិស្ថានសណ្តាប់ធ្នាប់ អនាម័យល្អ ជួយលើកកម្ពស់សេវាកម្ម និងផលិតផលទេសចរណ៍ប្រកបដោយចិរភាពឱ្យមានវិសាលភាព មានដូចជា៖
១.ក្រាលការ៉ូឡាកន្លែងចតរថយន្ត២.រៀបចំកែលំអរសួនច្បារ និងដាំដើមឈើឡើងវិញ៣.ក្រាលការ៉ូឡាសំរាប់ផ្លូវថ្មើជើង៤.តំឡើងបង់អង្គុយលេង៥.សាងសង់បន្ទប់ទឹកថ្មី៦.រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់៧.រៀបចំកន្លែងហាត់ប្រាណបែបធម្មជាតិ៨.រៀបចំសួនកុមារ៩.ឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ។
នាឳកាសនោះផងដែរ គួច ចំរើន បានធ្វើការណែនាំដល់ក្រុមហ៊ុន ឱ្យបន្តសិក្សាឆ្នេរសមុទ្រចាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ មានប្រវែង ប្រមាណ១៥គីឡូម៉ែត្រ ដើម្បីកែលម្អឆ្នេរសមុទ្ររបស់យើងជាលំហរសាធារណ: បំរើឱ្យសាធារណ:ជន កាលណាយើងបាត់បង់ឆ្នេរ នោះយើងនឹងបាត់បង់ភ្ញៀវទេសចរ។ ការសិក្សារៀបចំឆ្នេរសមុទ្រតាមគំរូប្លង់រៀបរយ ដោយសិក្សាប្លង់មេឱ្យបានទូលំទូលាយ ដោយរៀបចំឆ្នេរថ្ម ឆ្នេរខ្សាច់ ពិសេសទៀតរៀបចំឱ្យមានសត្វលម្អ មានដូចជា សត្វក្ងោក សត្វកំប្រុក ឬសត្វផ្សេងៗទៀតជាការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
លោក គួច ចំរើនបានបញ្ជាក់យ៉ាងច្បាស់ថា “ ឆ្នេរសមុទ្ររបស់យើងមិនអនុញ្ញាតិឱ្យមានការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់យកលុយនោះទេ ដោយទុកឆ្នេរសមុទ្ររបស់យើងជាឆ្នេរលំហសាធារណ: សម្រាប់យើងទាំងអស់គ្នា ក៏ប៉ុន្តែយើងត្រូវចូលរួមថែរក្សាបរិស្ថាន សោភណ្ឌភាពឆ្នេរទាំងអស់គ្នា ត្រូវវេចខ្ចប់សំរាមដាក់ក្នុងធុងដែលរដ្ឋបាលក្រុង ខេត្ត រៀបចំនៅតាមតំបន់ឆ្នេរ”៕