សោកស្តាយណាស់! សត្វទន្សោងឈ្មោលមួយក្បាល ស្លាប់ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យដោយសារ…(មានវីដេអូ)

(ឧត្តរមានជ័យ)៖ ពិតជាគួរឱ្យសោកស្តាយ សត្វទន្សោងឈ្មោលមួយក្បាល បានស្លាប់ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្តនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០នេះ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយ ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ។ នេះគឺជាការថ្លែងឱ្យដឹងរបស់​ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន​ នៅល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០នេះ​។

សពសត្វទន្សោងនេះនឹងនឹងបញ្ចុះនៅព្រឹកស្អែកនេះ។

លោកបានថ្លែងថា សត្វទន្សោង ដែលជាប់អន្ទាក់ព្រានព្រៃនោះត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័នស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន និងបានទទួលការសង្គ្រោះបឋមមុននឹងសត្វ ទន្សោងនេះបានស្លាប់បាត់បង់ជីវិត។ សពសត្វទន្សោងនេះត្រូវបានមន្ត្រីឧទ្យានុរក្សនិងសហគមន៍ព្រៃសង្ឃ រុក្ខវ័នដឹកនាំដោយព្រះអង្គ ប៊ុន សាលួត បញ្ចុះនៅស្នាក់ការកណ្តាលរបស់ព្រះអង្គ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា សត្វទន្សោងមួយក្បាលដែលត្រូវបានជួយសង្គ្រោះនេះពិតជាគួរឱ្យអាណិតអាសូរខ្លាំងណាស់។ នៅលើមុខរបស់វា មានស្នាមហូរទឹកភ្នែកដែលទំនងជាអស់ក្តីសង្ឃឹម និងជឿថាខ្លួនប្រាកដជាត្រូវបានព្រានព្រៃគ្មានក្តីមេត្តាសម្លាប់ជាមិនខាន ប៉ុន្តែទីបំផុតត្រូវបានជួយសង្គ្រោះរួចផុតពីក្រញ៉ាំដៃក្រុមព្រានព្រៃ តែអកុសល សត្វទន្សោងនេះនោតែស្លាប់បាត់បង់ជីវិតគួរ ឱ្យសង្វេគបំផុត ដោយសារតែសុខភាពចុះខ្សោយខ្លាំង អត់ចំណីជាច្រើនថ្ងៃ និងឈឺស្នាមរបួសជាប់អន្ទាក់។

គិតពីដើមឆ្នាំ ២០២០ មកទល់នឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នេះ សត្វទន្សោង ៤ ក្បាលត្រូវបានរកឃើញស្លាប់ ១ក្បាលនៅក្នុងខេត្តកំពង់ស្ពឺស្លាប់ដោយសារជាប់អន្ទាក់ និង ២ ក្បាលទៀតត្រូវបានរកឃើញថាបាញ់ស្លាប់នៅក្នុងខេត្តមណ្ឌលគិរី និងចុងក្រោយនេះ សត្វទន្សោងមួយក្បាលបានស្លាប់ដោយសារតែជាប់អន្ទាក់របស់ព្រានព្រៃក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញការសោកស្តាយដែលបាត់បង់ប្រភេទសត្វកម្រនេះ ដោយសារតែស្នាដៃនៃក្រុម ព្រានព្រៃគ្មានក្តីមេត្តា។ លោកបានឱ្យដឹងថា យោងតាមរបាយការណ៍សិក្សា របាយប្រជាជនសត្វទន្សោង នៅក្នុងប្រទេសកម្ពុជាមានចន្លោះពី ២៧០០ ទៅ ៥៧០០ ក្បាល។ ចំនួននេះបានធ្វើឱ្យប្រទេសកម្ពុជា ជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក ខណៈចំនួនសត្វទន្សោងសរុបនៅលើពិភពលោកត្រូវបានគេប៉ានស្មានថាមានចន្លោះពី ៥៩០០ ទៅ ១១០០០ ក្បាលតែប៉ុណ្ណោះ។ ប្រទេសថៃនិងប្រទេសឥណ្ឌូនេស៊ីក៏មានចំនួនសត្វទន្សោងប៉ុន្មានរយក្បាលប៉ុណ្ណោះ។

រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា សត្វទន្សោងជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោក ហើយកម្ពុជាមានមោទនភាពដែលប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមការពារនិងអភិរក្សសត្វព្រៃឱ្យបានគង់វង្សដោយនិយាយថាទេចំពោះការជួញដូរសត្វព្រៃ ការបរិភោគសាច់សត្វព្រៃ និងកុំបរបាញ់ និងចាប់សត្វព្រៃ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅឆ្នាំ ២០១៩ កន្លងទៅ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានរួមនឹងសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូ បានដោះអន្ទាក់ បានប្រមាណ ២០ ០០០ អន្ទាក់ពីតំបន់ការពារធម្មជាតិទាំង ៦០ កន្លែងដែលស្ថិតក្រោមការគ្រប់គ្រងការពារអភិរក្សរបស់ក្រសួងបរិស្ថាន។

កាលពីចុងខែមេសា ឆ្នាំ ២០២០ សត្វទន្សោងមួយហ្វូងមានចំនួន ៧ ក្បាលត្រូវបានគេប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរី។

លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាន បានគ្រប់គ្រងការការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដែលមានវត្តមាននៅក្នុងព្រៃសង្ឃរុក្ខវ័នដែលមានផ្ទៃដី ទំហំ ៣០២៥៤ ហិកតាស្ថិតក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ស្រុកចុងកាល់ និងក្រុងសំរោង ខេត្តឧត្តរមានជ័យក្នុងនោះមានសហគមន៍ព្រៃសង្ឃរុក្ខវ័នដឹកនាំគ្រប់គ្រងដោយព្រះអង្គ ប៊ុន សាលួត ព្រះមេគណខេត្តឧត្តរមានជ័យ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ននេះ សម្បូណ៌ដោយសត្វព្រៃជាពិសេសសត្វព្រៃកម្រមួយចំនួនមានវត្តមាននៅក្នុងនោះដូចជាសត្វខ្ទីង ទន្សោង ស្វាព្រាម សត្វត្រយង។

លោកបានថ្លែងថាកន្លងមក ទោះបីជាសមាជិកនៃព្រៃសហគមន៍ក្នុងនោះ ព្រះអង្គ ប៊ុន សាលួត ប្រធានសហគមន៍ព្រៃសង្ឃរុក្ខវ័ន រួមនឹងអាជ្ញាធរខេត្ត មន្ត្រីឧទ្យានុរក្សចុះផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋពីការចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអភិរក្សសត្វព្រៃ ប៉ុន្តែការចូលរួមនៅមាន កម្រិតនៅឡើយ។ ជនខិលខូចមួយចំនួននៅតែបន្តលួចចូលកាប់ឈើ លួចដុតព្រៃ និងលួចបរបាញ់សត្វ ដាក់អន្ទាក់។

ចំពោះមុខនៃបញ្ហាដែលបានកើតឡើងនេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកនេត្រ ភក្ត្រា បានលើកឡើងថាគឺជាការគំរាមកំហែងដល់ការងារការពារនិងអភិរក្សធនធានធម្មជាតិ និងប៉ះពាល់ដល់និរន្តរភាពនៃជីវៈចម្រុះនៅកម្ពុជា។

លោករដ្ឋលេខាធិការ បានជំរុញភាគីពាក់ព័ន្ធនានា បន្តពង្រឹងការអនុវត្តច្បាប់តឹងរឹងបន្ថែមទៀតប្រឆាំងនឹងក្រុមជនល្មើសនិងប្រើប្រាស់វិធានការអប់រំផ្សព្វផ្សាយបន្ថែមទាំងផ្នែក ច្បាប់និងសារៈសំខាន់នៃការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃគ្រប់ប្រភេទដើម្បីបណ្តុះស្មារតីស្រឡាញ់ ធនធានធម្មជាតិ និងការពារសត្វព្រៃឱ្យកាន់តែខ្លាំងក្នុងចំណោមប្រជាពលរដ្ឋ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិនៅតំបន់នោះ ព្រោះដែនជម្រកសត្រព្រៃសង្ឃរុក្ខវ័ន ក៏ដូចជាតំបន់ការពារធម្មជាតិផ្សេងទៀតដែរបានផ្តល់អនុផលព្រៃឈើជាច្រើនដល់ប្រជាពលរដ្ឋដូចជារកជ័រឈើ វល្លិ៍ ផ្សិត បន្លែនិងផ្លែឈើជាដើមដើម្បីលក់ផ្គត់ផ្គង់ជីវភាពនិងអាហារសម្រាប់បរិភោគប្រចាំថ្ងៃ៕ អត្ថបទ៖ Fresh News

Related posts

Leave a Comment