កាយវិការ និងទង្វើរសប្បុរសធម៌របស់លោកស្រី ទ្រី ដាណា កំពុងទទួលបានការគាំទ្រខ្លាំង គួរឲ្យកត់សំគាល់ ពីសំណាក់មហាជនទូទៅ។ ថៅកែហាងពេជ្រ រូបនេះ ក៏ជាស្ត្រីម្នាក់ ដែលកំពុងជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួនផងដែរ ដោយមានការគាំទ្រជាច្រើន ពីអតិថិជនរបស់ខ្លួន។
នៅពីក្រោយមុខជំនួញ ដែលកំពុងតែទទួលជោគជ័យនេះ មានរឿងជាច្រើន ដែលមានអ្នកខ្លះមិនទាន់បានដឹង។ ហើយនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២០ នេះ លោកស្រី បានបង្ហោះរូបភាពជាច្រើនសន្លឹក ព្រមទាំងភ្ជាប់សារដ៏មានន័យមួយថា ៖
“វាមិនមែនជាការងាយស្រួលទេ ដែលមនុស្សម្នាក់ធ្លាប់ឆ្លងកាត់ពីបាត់ដៃទទេ រហូតមកដល់ពេលនេះ ប៉ុន្តែវាជាការកំណត់គោលដៅ ហើយនិងការធ្វើគ្រប់ជំហានទាំងអស់ សុទ្ធតែមានការលំបាក។
មនុស្សម្នាក់ៗ សុទ្ធតែធ្លាប់ឆ្លងកាត់ នូវការលំបាក និងទុក្ខវេទនា និងភាពមើលងាយជាន់ឈ្លី និងជាន់ពន្លិច ពីអ្នកដទៃគ្រប់គ្នា ប៉ុន្តែអ្វីដែលយើងអាចធ្វើបាន គឺរក្សានូវភាពស្មោះត្រង់ ទំនួលខុសត្រូវខ្ពស់ នៅលើអ្វីដែលខ្លួនបានធ្វើ ហើយខិតខំតស៊ូធ្វើវា ពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយគ្មានទេពាក្យថាហត់នឿយ។
ការចាប់ផ្ដើមពីចំណុចសូន្យ រហូតមកដល់ពេលនេះ វាមិនមែនជាការងាយទេ វាលំបាកខ្លាំងណាស់ ដូចនេះមនុស្សម្នាក់ៗ គ្មានអ្នកណាស្រួលជាងអ្នកណាឡើយ គ្រាន់តែគេមិននិយាយ ប៉ុន្តែអ្វីដែលនាងខ្ញុំចង់ប្រាប់ថា នៅពេលនេះ គឺ ការតស៊ូ ភាពអំណត់ អត់ធ្មត់ និងការចេះចែករំលែក ទៅកាន់អ្នកដទៃ វានឹងធ្វើឱ្យយើងទទួលបាននូវលទ្ធផលពិត និងជាទីគាប់ចិត្ត”៕