ទីបំផុតថៃ សម្រេចដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេលមួយខែទៀត ទោះបីស្ថានការណ៏បានធូស្បើយបន្តិចក៏ពិតមែន…

(បាងកក)៖ រាជរដ្ឋាភិបាលថៃនៅថ្ងៃសុក្រនេះ បានប្រកាសអូសបន្លាយពេល ដាក់ប្រទេសក្នុងគ្រាអាសន្នប្រឆាំងនឹង COVID-19 រយៈពេលមួយខែទៀត បើទោះជាករណីឆ្លងនៅក្នុងប្រទេស មានភាពធូរស្រាលក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០។

ព័ត៌មានពីការអូសបន្លាយពេលដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រូវបានបញ្ជាក់ដោយឧបនាយករដ្ឋមន្ត្រីថៃលោក ស៊ុមឃីដ ចាទូស្រ៊ីពិតាក់ (Somkid Jatusripitak)។ លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា វិធានការនេះនឹងត្រូវបន្តសុពលភាព រហូតដល់ចុងខែមិថុនា បន្ទាប់ពីមានកិច្ចប្រជុំរបស់មជ្ឈមណ្ឌល សម្រាប់គ្រប់គ្រងស្ថានការណ៍ COVID-19 (CCSA) នៅថ្ងៃសុក្រនេះ។ វិធានការដាក់ប្រទេសក្នុងគ្រាអាសន្នរួមទាំងបំរាមគោចរ ដំបូងឡើយនឹងត្រូបផុតកំណត់នៅចុងខែឧសភានេះ ។

តែទោះជាយ៉ាងណា CCSA កំពុងស្ថិតនៅក្នុងការពិចារណានៅឡើយ ពីការបន្ធូរបន្ថយវិធានការរឹតត្បិតប្រឆាំង COVID-19 ក្នុងនោះរួមមានគម្រោងកាត់បន្ថយ
ពេលវេលានៃបំរាមគោចរ ឱ្យមកនៅត្រឹមចាប់ពីម៉ោង ១២៖០០នាទីរំលងអធ្រាត្រ ដល់ម៉ោង ៤៖០០នាទីទៀបភ្លឺ បើធៀបទៅនឹងបម្រាមគោចរបច្ចុប្បន្ន មានរយៈពេលចាប់ពីម៉ោង ១១៖០០នាទីយប់ដល់ម៉ោង ៤៖០០នាទីទៀបភ្លឺ។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ថៃមានករណីឆ្លង COVID-19 សរុបចំនួន ៣,០៣៧ករណី ក្នុងនោះស្លាប់ ៥៦នាក់ និងជាសះស្បើយឡើងវិញ ២,៩១០នាក់ ខណៈមនុស្ស ៣២៨,០៧៣នាក់បានទទួលការធ្វើតេស្ដ។ អាជ្ញាធរថៃបានក្រើនរំលឹក ពលរដ្ឋរបស់ខ្លួនថា ទោះបីជាស្ថានការណ៍ COVID-19 ធូរស្រាលខ្លាំងក៏ពិតមែន ប៉ុន្តែការប្រុងប្រយ័ត្នខ្ពស់ត្រូវតែបន្តអនុវត្ត៕ ប្រភព៖ Fresh News

Related posts

Leave a Comment