នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ផលិតកម្ម Galaxy Navatra បានចេញសេចក្ដីជូនដំណឹងទៅកាន់សាធារណៈជនឱ្យបានជ្រាបអំពីការទទួលបានសិទ្ធិគ្រប់គ្រងបទចម្រៀងមរតកដើមរបស់កវីនិពន្ធបទចម្រៀងដ៏ឆ្នើម គង្គ ប៊ុនឈឿន ដើម្បីរក្សា នឹងផលិតឡើងវិញដោយរក្សាទំរង់ដើមមានរយៈពេល១០ឆ្នាំ ព្រមទាំងស្នេីដល់បណ្តាផលិតកម្ម និង Channel Youtube ទាំងអស់សូមប្រញាប់រួសរាន់លុបចេញ។ ខាងក្រោមនេះ គឺជាសេចក្តីជូនដំណឹងដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
«ដើម្បីចូលរួមថែរក្សា និងលើកម្ពស់ស្នាដៃមរតកដើម ព្រមទាំងចូលរួមចំណែកលើកកម្ពស់ជីវភាពអ្នកដែលបានទទួលសិទ្ធិគ្រប់គ្រងមរតកសាសន៍នូវបទចម្រៀងមរតកដើមរបស់កវីនិពន្ធបទចម្រៀងដ៏ឆ្នើមរបស់ប្រទេសយើង ផលិតកម្ម Galaxy Navatra មានកិត្តិយសសូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា៖
ផលិតកម្ម Galaxy Navatra បានទិញសិទ្ធិផ្តាច់មុខបទចម្រៀងមរតកដើមរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ដើម្បីរក្សា នឹងផលិតឡើងវិញដោយរក្សាទំរង់ដើម ព្រមទាំងប្រើប្រាស់នៅក្នុង Youtube និងប្រព័ន្ធ Digital ផ្សេងៗដូចជា Calltune តាមទូរសព័្ទដើម្បីស្វែងរកចំណូលបន្ថែមជូនម្ចាស់ស្នាដៃ ដោយមានរយៈពេល១០ឆ្នាំ ដែលបទភាគច្រើនជាសំនៀងរបស់អធិរាជសំឡេងមាស សុិន សុីសាមុត – លោកយាយ រស់សេរីសុទ្ធា នឹងមរតកសំនៀងជាច្រើនរូបទៀត។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមបណ្តាផលិតកម្ម និង Channel Youtube ទាំងអស់ដែលបានយកបទមរតកដើមទៅ Upload ឬផលិតឡើងវិញដាក់ Youtube ឬលក់នៅ Apple Store ឬបានយកទៅដាក់ Copyright កន្លងមក សូមប្រញាប់រួសរាន់លុបចេញឲ្យបានមុនថ្ងៃទី១ ខែ ៦ ឆ្នាំ ២០២០ នេះ មុនពេលដែលយើងខ្ញុំប្រើប្រាស់នូវសិទ្ធិតាមនីតិវិធីច្បាប់ ក្នុងការការពារសិទ្ធិ និងប្រយោជន៍ដើម្បីម្ចាស់ស្នាដៃ។ សូមបណ្តាផលិតកម្ម និងម្ចាស់ Channel Youtube ព្រមទាំងសាធារណៈជនទាំងអស់ទទួលនូវការគោរពរាប់អានដ៏ស្មោះអំពីយើងខ្ញុំ»។