រាជធានីភ្នំពេញ ៖ រូបភាព២សន្លឹកដែលបង្ហាញដោយទំព័រហ្វេសប៊ុកមួយឈ្មោះ បង តារាចេម ស្ដីពីសកម្មភាពរបស់កំពូលតារាចម្រៀងលោក ណូយ វ៉ាន់ណេត ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងលើវិថីសិល្បៈរាប់ឆ្នាំ ពេលនេះបានធ្លាក់ខ្លួនធ្វើសំណង់គួរឲ្យអាសូរ និងស្រណោះបំផុតទាញទឹកភ្នែកមហាជនរាប់លានតំណក់ទៅហើយ ដោយប្រភពបានដាក់ចំណងជើងលើរូបនេះថា៖ «ស្គាល់គាត់ទេ?? He is my idol បទដែលខ្ញុំចូលចិត្តបំផុតគឺបទ កំពង់សោមដួងចិត្ត !»។
យ៉ាងណាក្ដីជុំវិញរូបភាពដ៏រន្ធត់ចិត្តអាណិតពេញប្រទេសនេះ អង្គភាពសារព័ត៌មាន តារាញូស៍ បានទំនាក់ទំនងតាមលេខទូរស័ព្ទ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នេះ ប៉ុន្តែពុំទទួលបានការឆ្លើយតប និងបញ្ជាក់លម្អិតបាននៅឡើយទេ។ ទន្ទឹមនេះនៅក្នុងខមិនខាងក្រោមរូបភាពក៏មានការអាណិតពីអ្នកលេងបណ្ដាញសង្គមដោយសំណេរថា៖ «ឱ! លោកអើយ ហេតុអីបានជាគាត់ធ្លាក់ខ្លួនដល់ថ្នាក់នេះ? គួរឲ្យសង្វេគណាស់វាសនាមនុស្សមើលមិនឃើញមែន»។
បន្ថែមលើនេះក៏មានប្រិយមិត្តម្នាក់ខមិនតបទំនងជាស្គាល់ម្ចាស់បទ «កោះឧកញ៉ាតី» បានលម្អិតថា៖ «គាត់ទំនេរពីការងារហើយជួយបងប្អូនគាត់ធ្វើផ្ទះ ផ្ទះកំពុងធ្វើជាផ្ទះគាត់»។ ជាមួយគ្នានេះយោងតាមសម្ដីរបស់តារាសម្ដែងលោក គីសាន់ រ៉ៃយ៉ា ដែលជាកូនប្រុសតារាកំប្លែងជើងចាស់នាយឆើត បានបញ្ជាក់ថា៖ «រូបភាពលោកពូ ណយ វ៉ាន់ណេត នេះប្រហែលជាគាត់ធ្វើនៅផ្ទះខ្លួនឯងបន្ទាប់ពីទំនេរការងារសិល្បៈប៉ុណ្ណោះ សព្វថ្ងៃគាត់មានជីវភាពធូរធាហើយ និងមានផ្ទះរស់នៅសមរម្យទៅនឹងកេរ្តិ៍ឈ្មោះរបស់គាត់»។