សែនអាណិត! តារាកំប្លែង នាយ សង់ស៊ីស ហាក់មានសភាពវង្វេង ទោះជាស្ថានភាពជំងឺលើសឈាមបានធូរស្រាល…

(ភ្នំពេញ)៖ តារាកំប្លែង នាយ សង់ស៊ីស ដែលមានឈ្មោះពិតថា ម៉ារីសុន កាលពីមួយរយៈកន្លងទៅ លោកធ្លាប់មានជំងឺឡើងឈាមធ្ងន់ធ្ងរ រហូតត្រូវបានក្រុមគ្រួសារបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យរាប់ខែ ទម្រាំតែលោក មានសុខភាពធម្មតាវិញ។ តែយ៉ាងណាមិញ ទោះបីជាបានធូរស្រាលពីជំងឺក៏ពិតមែន ប៉ុន្តែតារាកំប្លែងរូបនេះ ហាក់មានសភាពវង្វេងវង្វាន់ ឧស្សាហ៍ដើរចេញពីផ្ទះជាញឹកញាប់ ជាហេតុធ្វើឲ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង។

ចំណែកអ្នកនាង សុន ស្រីពេជ្រ ដែលត្រូវជាកូនស្រីបង្កើតរបស់តារាកំប្លែងរូបនេះ បានឲ្យដឹងថា «ជំងឺលោកឪពុករបស់នាង គឺមានសភាពល្អធម្មតា ប៉ុន្តែគាត់វង្វេងច្រើន ឧស្សាហ៍ដើរទៅនេះ ទៅនោះ បើមិនតាមមើលឲ្យល្អិតល្អន់ទេនោះ គឺរកគាត់មិនឃើញឡើយ»។

ដោយឡែក ចាប់តាំងពីឈានចូលដល់វ័យរាងចាស់ជរា និងមានជំងឺប្រចាំកាយមក តារាកំប្លែងនាយ សង់ស៊ីស ត្រូវបាត់បង់ឱកាសថត និងលេងកំប្លែង ធ្វើឲ្យបាត់បង់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ ណាមួយស្ថានភាពគ្រួសាររបស់លោក ក៏មិនសូវមានសភាពធូរធា នោះដែរ ម្យ៉ាងទៀត កូនប្រុសដែលជាជំហរមួយក្នុងគ្រួសារ ក៏ត្រូវទទួលមរណភាពកាលពីពេលថ្មីៗនេះទៀត ពោលគឺប្រមាណជា២សប្ដាហ៍មុននេះ។ យ៉ាងណាមិញ កន្លងមកតារាកំប្លែង នាយ សង់ស៊ីស ក៏ធ្លាប់ទទួលបានជំនួយបន្តិចបន្តួច ពីអ្នកសិល្បៈផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន តារាកំប្លែងនាយ សង់ ស៊ីស មានអាយុ៧៥ឆ្នាំ ហើយពេលនេះលោកត្រូវបានក្រុមគ្រួសារ ធ្វើការយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រោះតែលោកហាក់មានសភាពវង្វេងវង្វាន់ ដើរចេញពីផ្ទះជាច្រើនដងទៀតផង៕ ប្រភព៖ Fresh News

Related posts

Leave a Comment