ទៀតហើយ! លោក ត្រាំ នៅតែបន្តចោទចិនជាថ្មីថា «ជាអ្នកបង្កឲ្យមនុស្សស្លាប់ ពាសពេញពិភពលោក» ដោយសារតែជំងឺ កូរ៉ូណា (COVID-19)

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃពុធសប្តាហ៍នេះ បានបង្ហោះសាររិះគន់ប្រទេសចិនជាថ្មីម្តងទៀត ជុំវិញវិបត្តិ COVID-19 ដោយលើកនេះលោកចោទចិនចំៗតែម្តងថា បានធ្វើឲ្យមនុស្សស្លាប់យ៉ាងរង្គាល នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។

សារដែលលោក ត្រាំ បានបង្ហោះលើបណ្តាញសង្គម Twitter នៅថ្ងៃពុធ មានខ្លឹមសារយ៉ាងដូច្នេះថា «គឺដោយសារតែចិនគ្មានសមត្ថភាពគ្រប់គ្រាន់ ដោយពុំមានមូលហេតុអ្វីផ្សេងទៀតឡើយ ទើបបង្កឲ្យមានការបាត់បង់ជីវិតមនុស្ស យ៉ាងរង្គាលនៅលើពិភពលោក»។ ការលើកឡើងបែបនេះ គឺលោក ត្រាំ ចង់សំដៅលើតួលេខអ្នកជំងឺ COVID-19 ជិត ៣៣ម៉ឺននាក់ ដែលបានស្លាប់នៅទូទាំងសកលលោកក្នុងនោះជាង ៩ម៉ឺននាក់ ស្លាប់នៅលើទឹកដីសហរដ្ឋអាមេរិកផ្ទាល់ ។

គួរជម្រាបថា ជំងឺ COVID-19 ត្រូវបានរកឃើញជាលើកដំបូងនៅទីក្រុងវូហាន នៃខេត្ត ហ៊ូប៉ី (Hubei) ប្រទេសចិន កាលពីចុងខែធ្នូ ឆ្នាំ២០១៩ ហើយវាក៏បានឆ្លងរាលដាល នៅទូទាំងពិភពលោកតែម្តង។ ពីដំបូងៗឡើយ លោក ត្រាំ ផ្ទាល់ជាអ្នកដែលបាននិយាយថា ជំងឺឆ្លងនេះ ពុំមានការគំរាមកំហែងអ្វីធ្ងន់ធ្ងរប៉ុន្មានឡើយ ហើយធ្លាប់បានលើកឡើងជាច្រើនដងថា ចិនធ្វើបានល្អក្នុងការព្យាយាមគ្រប់គ្រងស្ថានការណ៍ ប៉ុន្តែនៅពេលមានការរាតត្បាតខ្លាំងក្លាជាលក្ខណៈអន្តរជាតិ ជាពិសេសនៅក្នុងសហរដ្ឋអាមេរិកនោះ លោក ត្រាំ ក៏បានចាប់ផ្តើមទម្លាក់កំហុសកាន់តែខ្លាំងលើចិន៕ ប្រភព៖ Fresh News

Related posts

Leave a Comment