សូមចូលរួមរំលែកទុក្ខផង!! ស្ថាបនិកត្រសក់ផ្អែមបន្ទាយស្រី ដែលពោរពេញទៅដោយភាពច្នៃប្រឌិត និងតែងតែចែករំលែកបទពិសោធន៍ល្អៗដល់កសិករដទៃ បានទទួលមរណភាព ដោយសារតែ…

ខេត្ដសៀមរាប៖ ពិតជាដំណឹងដ៏គួរឱ្យសោកស្ដាយជាទីបំផុត នៅខណៈពេលមុននេះបន្ដិច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ដោយអ៊ំស្រីម្នាក់ ជាស្ថាបនិកដាំត្រសក់ផ្អែម ដែលជានិច្ចកាលគាត់ តែងតែដើរបង្ហាត់បង្រៀន និងចែករំលែកបទពិសោធន៍ល្អៗជាច្រើន ដល់កសិករដទៃទៀត នៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប បានទទួលមរណភាព ព្រោះដោយសារតែជំងឺ។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ឃឹម ហ្វីណង់ អភិបាលស្រុក បន្ទាយស្រី បានសរសេរប្រាប់ឱ្យដឹងថា៖”ជាកសិករម្នាក់ដែលពោរពេញទៅដោយភាពច្នៃប្រឌិត និងជាស្ថាបនិកត្រសក់ផ្អែមបន្ទាយស្រី មីងឡាយស្រលាញ់ការងារកសិកម្មរបស់គាត់ មិនចាញ់វិចិត្រករស្រលាញ់ផ្ទាំងគំនូររបស់ខ្លួនឡើយ។ ជាង២០ឆ្នាំនៅលើទឹកដីបន្ទាយស្រី មីងបានក្លាយជាកសិករគំរូ ដែលតែងតែដើរបង្ហាត់បង្រៀន និងចែករំលែកបទពិសោធន៍ល្អៗដល់កសិករដទៃ។ «ត្រសក់ផ្អែមបន្ទាយស្រី» មានភាពល្បាញល្បីរហូតដល់សព្វថ្ងៃនេះ ក៏ដោយសារស្នាដៃរបស់មីងដែរ។

មីងជាម្តាយនៃកូនស្រី៥នាក់ និងជាបង្គោលតែមួយគត់នៅក្នុងគ្រួសារ ដែលមានប្តីឈឺពិការនៅមួយកន្លែងមិនអាចធ្វើការអ្វីបាន។ តែមីងតែងអួតប្រាប់ខ្ញុំដោយមោទនភាពថា ”មីងកសិករ ហើយធ្វើការតែម្នាក់ឯងមែន តែមីងចិញ្ចឹមកូនៗមីងអោយបានរៀនដល់មហាវិទ្យាល័យទាំងអស់គ្នាណា៎!”។

ថ្វីត្បិតតែមានរូបរាងស្គមស្គាំង ផ្ទៃមុខជ្រីវជ្រួញជាំខ្មៅដោយសារតែធ្វើការក្រោមកំដៅថ្ងៃ តែគាត់គឺជាមនុស្សរួសរាយរាក់ទាក់ និងផ្តល់ស្នាមញញឹមជានិច្ចចំពោះមនុស្សនៅជុំវិញខ្លួនគាត់ ហើយគាត់តែងហៅក្មេងៗដែលធ្វើការជាមួយគាត់ថា”កូន”។ ពេលជួបគ្នាលើកដំបូង មីងញញឹមមកកាន់ខ្ញុំ ហើយប្រាប់ខ្ញុំថាមីងចង់ធ្វើការងារច្រើនជាមួយក្មួយចៅហ្វាយស្រុកលើការងារកសិកម្មនៅបន្ទាយស្រី
យើង។ មីងឡាយ, មីងហត់ហើយ! សោកស្តាយដែលបានស្គាល់មីងត្រឹមតែប៉ុណ្ណេះ។ អំពើល្អរបស់មីង នឹងត្រូវបានចង់ចាំនៅក្នុងបេះដូងកសិករនៅក្នុងស្រុក ហើយផលបុណ្យដែលមីងបានសាងនឹងបានទៅដល់កូនៗរបស់មីងដែលត្រូវបន្តកិច្ចការទៅមុខទៀត។ សូមមីងទៅអោយបានសុខ នៅទីកន្លែងមួយដែលស្ងប់… មីងអាចសម្រាកបានហើយ”។

ទន្ទឹមនឹងនេះដែរ បើតាមរយៈការខមិនរបស់លោក ឃឹម ហ្វីណង់ បានប្រាប់ឱ្យដឹងពីមូលហេតុ នៃការស្លា ប់ របស់អ៊ំស្រីខាងលើ គឺដោយសារតែជំងឺ ក្រិនថ្លើម ហើយនៅពេលដែលលោក ហ្វីណង់ បានដឹង ក៏បានបញ្ជូនគាត់ទៅដល់ពេទ្យដែរ តែហួសពេលទៅហើយ។ លោក ហ្វីណង់ ក៏បានបញ្ជាក់ទៀតថា៖”មិនបានដឹងថាគាត់ឈឺពីពេលណាផង សូម្បីតែក្រុមគ្រួសារគាត់ក៏មិនដែលបានដឹងពីមុនដែរ”។

Related posts

Leave a Comment