ក្រោយតវ៉ា​រឿង​កាយ​ផ្តាច់​ផ្លូវលំ​៥​កន្លែង មិន​ឲ្យ​ធ្វើ​ដំណើរ ​អាជ្ញាធរស្រុក​ស្នើ​ម្ចាស់​ដី​ ​ភ្ជាប់​ឡើង​វិញ…

ខេត្តកណ្ដាល ៖ ករណី​ប្រជាពលរដ្ឋចំនួន៣ឃុំ គឺឃុំឈ្វាំង ឃុំទំនប់ធំ និងឃុំជ្រៃលាស់ ​ផ្ទុះការ​តវ៉ា ក្រោយ​ពី​មាន​គ្រឿងចក្រ​កាយ​ផ្ដាច់​ផ្លូវ​ធ្វើ​ដំណើរ​ចំនួន​៥​កន្លែង នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ​រួច​មក លោក សំ​អុល ចំរើន​ឧត្តម អភិបាលរង​ស្រុក​ពញាឮ បាន​ចុះ​អន្តរាគមន៍​ដោះស្រាយ ដោយ​បាន​ស្នើ​ដល់​ម្ចាស់​កម្មសិទ្ធិ​ដី​លោក ផេង សុង កាយ​លុប​ដី​ត​ភ្ជាប់​ផ្លូវ ដែល​បាន​កាយ​ផ្ដាច់​ចេញ​នោះ​ឡើង​វិញ ដើម្បី​ឱ្យ​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ជា​បណ្ដោះអាសន្ន​សិន រង​ចាំ​រដ្ឋបាល​ស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយ​ជូន​ម្ចាស់​ដី និង​ប្រជាពលរដ្ឋ ដោយ​យុត្តិធម៌ និង​អាច​ទទួលយក​បាន​ទាំងអស់​គ្នា ។

អភិបាលរង​ស្រុក​ពញាឮ ចុះ​អន្តរាគមន៍​នេះ ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​ពី​លោក​អភិបាលស្រុក ថន សុវណ្ណ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២០ ។

ពាក់ព័ន្ធនឹងការ​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​ជាក់ស្តែង ជា​លទ្ធផល ក្រុមការងារ​បាន​ស្រាវជ្រាវ និង​ពិនិត្យ​ឃើញ​ថា ផ្លូវ​នេះ​ពិតជា​ស្ថិត​នៅ​ក្នុង​ដី​របស់​លោក ផេង សុង ប្រាកដ​មែន ។ ហើយ​កាលពី​ពេល​ធ្វើ​ផ្លូវ​ដំបូង អ្នក​ធ្វើ​ផ្លូវ​មិន​បាន​ទំនាក់ទំនង​ជាមួយ​ម្ចាស់​ដី និង​អាជ្ញាធរ​ភូមិ​-​ឃុំ ដើម្បី​ពិនិត្យ​ភូមិសាស្ត្រ​ឲ្យ​បាន​ច្បាស់លាស់ ។

យ៉ាងណា លោក​អភិបាលរង​ស្រុក បាន​ស្នើ​ឲ្យ​លោក ផេង សុង ដែល​ជា​ម្ចាស់​ដី មេត្តា​ត​ភ្ជាប់​ផ្លូវ​នេះ​ឡើង​វិញ​សិន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ជា​បណ្ដោះអាសន្ន ហើយ​អាជ្ញាធរ​ស្រុក​នឹង​សម្របសម្រួល​រក​ដំណោះស្រាយ​បន្ត ។ ចំណែកឯ​ភាគី​ម្ចាស់​ដី ក៏​យល់ព្រម​តាម​ការ​សម្របសម្រួល​នេះ​ដែរ ។

សូម​រម្លឹក​ឡើង​វិញ​ថា ប្រជាពលរដ្ឋ​ចំនួន​៣​ឃុំ គឺ​ឃុំ​ឈ្វាំង ឃុំ​ទំនប់​ធំ និង​ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ បាន​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​ជួយ​ជួយ​អន្តរាគមន៍ ក្រោយ​ពី​បុគ្គល​ឈ្មោះ​ផេង សុង យក​គ្រឿងចក្រ​(​អា​អ៊ិ​ច​) មក​កាយ​ផ្តាច់​ផ្លូវលំ​ក្រួស​ក្រហម​១​ខ្សែ​ចំនួន​៥​កន្លែង មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​បាន ។

ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​មក​ធ្វើការ​តវ៉ា​នោះ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ថា ផ្លូវ​មួយ​ខ្សែ​នេះ ជា​ផ្លូវ​រទេះ​មាន​តាំងពី​មុន​សម័យ​របប​ប៉ុ​ល​ពត​មក​ម្ល៉េះ លុះ​ក្រោយមក​មាន​សប្បុរសជន​ម្នាក់​ឈ្មោះ​ស្វាយ សំ​អឿ​ន បាន​ធ្វើ​ផ្លូវ​នេះ​ដោយ​ក្រាល​ក្រួស​ក្រហម តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ ដើម្បី​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​អាជ្ញាធរ​មូលដ្ឋាន ក៏​បានដឹង​ឮ និង​ចុះ​វាស់វែង​ត្រឹមត្រូវ​ទៀត​ផង ។ តែ​ក្រោយមក ស្រាប់តែ​មាន​បុគ្គល​ឈ្មោះ ផេង សុង យក​គ្រឿងចក្រ​(​អា​អ៊ិ​ច​)​មក​កាយ​ផ្តាច់​ចំនួន​៥​កន្លែង មិន​អាច​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​បាន ដោយ​អះអាង​ថា ធ្វើ​ផ្លូវ​លើ​ដី​របស់​គាត់ ៕ ប្រភព៖ KBN

Related posts

Leave a Comment