កាលពី ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានប្រកាសថា នឹង បវិចាគថវិកាផ្ទាល់ខ្លួន ចំនួនដល់ទៅ ៣ លានដុល្លារ សហរដ្ឋអាមេរិក ជូន សម្ដេចតេជោ ហ៊ុន សែន ដើម្បីទប់ស្កាត់ជំងឺ Covid-19។
ពេលនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា “ខ្ញុំបាទ និងក្រុមគ្រួសារ សូមជួយតាមរយ:សម្ដេចតេជោ ដើម្បីទប់ស្កាត់ជំងឺ covid 19 ចំនួន3លានដុល្លារ ។
ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជាតួនាទីរបស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះមិនមែនជាពេលបន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។
សូមបញ្ជាក់ទៅដល់បងប្អូន ខ្ញុំមិនមែនជាអ្នកមានលុយច្រើននោះទេ តែខ្ញុំមានបេះដូងស្រឡាញ់ប្រទេសជាតិ របស់យើង ហើយក៏មិនអាចអោបដៃឈរមើល អោយថ្នាក់ដឹកនាំ ទទួលអំរែកតែឯងនោះដែ។”។
នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ កន្លងផុតទៅប៉ុន្មានថ្ងៃនេះទៀត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសប្រាប់ នៅក្នុងហ្វេសប៊ុករបស់ខ្លួនទៀតហើយថា “ខ្ញុំសូមឧបត្ថម្ភថវិកាចំនួន 20ម៉ឺនដុល្លារ ទៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ហ៊ុន សែន (TYDA) ដើម្បីជាការសងគុណ ដល់ទ័ពអាវស ដែលកំពុងតែប្រយុទ្ធប្រឆាំង និងជំងឺវីរុសកូវីដ-១៩ ។
យើងទាំងអស់គ្នារួមគ្នាជួយទ័ពអាវស ដែលកំពុងរំដោះអាយុជីវិតយើង ជីវិតយើងទាំងអស់គ្នាផ្ញើ វាសនាលើទ័ពអាវស ហើយ បើយើងមិនរួមគ្នាទប់ស្កាត់ទេ គ្រួសារជាទីស្រលាញ់របស់យើង នឹងចាកចេញទៅដោយគ្មានថ្ងៃត្រលប់”។
ឃើញទង្វើរ និងពាក្យប៉ុន្មានម៉ាត់របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអង្រួញបេះដូង ខេម យ៉ាងខ្លាំង ដល់ថ្នាក់ ទប់ចិត្តលែងជាប់ ក៏បានទំលាយ ប្រាប់ថា “ស្រលាញ់ពាក្យមួយឃ្លារបស់អ្នកឧកញ៉្ញា គឺ ខ្ញុំកើតក្នុងទឹកដីខ្មែរមានបានដោយសារខ្មែរពេលមានទុក្ខលំបាកគឺខ្ញុំយកលុយដែលរកបាននេះទៅជួយខ្មែរវិញស្លាប់ទៅមិនយកលុយទៅតាម បើមានឱកាសខ្ញុំនិងធ្វើដូចជាគាត់ដែរ ជូនពរបងប្អូនគ្រប់គ្នារួចផុតពីគ្រោះដ៏អាក្រក់នេះផង”៕