មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ បានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា វៀតណាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២៤នាក់ ដែលជាអ្នកធ្វើដំណើរតាមជើងហោះហើរពីប្រទេសរុស្សី។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Vietnaminsider។
ប្រភពដដែលបានឱ្យដឹងទៀតថា អ្នកឆ្លងជំងឺទាំង ២៤នាក់នោះ រួមស្ត្រីម្នាក់ និង បុរស ២៣នាក់ ដោយពួកគេមានអាយុចាប់ពី ២៤- ៤៧ ឆ្នាំ។
ហើយអ្នកជំងឺម្នាក់ក្នុងចំណោមនោះ ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងខេត្ត Quảng Ninh ចំណែកអ្នកដែលនៅសេសសល់ ត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្ត Thái Bình។
សូមជម្រាបផងដែរថា បើគិតមកដល់ពេលនេះ ប្រទេសវៀតណាម មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ៣១២នាក់ អ្នកជាសះស្បើយ ២៦០នាក់ ខណៈអ្នកជំងឺ ៥២ផ្សេងទៀត គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕ប្រភព៖ khmerload