នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកដែលយកសំណាកទៅពិនិត្យរួចហើយ និង កំពុងតែរង់ចាំលទ្ធផល ប៉ុន្តែបែរជាមិនអនុវត្តការធ្វើចត្តាឡីស័ក បែរជាទៅចូលរួមមង្គលការ ឬ ពិធីផ្សេងៗ ហើយនៅពេលលទ្ធផលចេញមកវិជ្ជមាន មានន័យថា បុគ្គលនោះមិនគោរពច្បាប់ មិនគ្រប់វិធានការសុខាភិបាល ដូច្នេះច្បាប់ដែលចេញមកហើយត្រូវយកមកអនុវត្ត ។
លោកស្រីបានថ្លែងបែបនេះ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន អំពីបុរសម្នាក់នៅបឹងកេងកង ដែលមានវិជ្ជមានកូវីដ-១៩ ដូចគ្នាដែរ បានទៅចូលរួមមង្គលការនៅខេត្តស្រុកឈូក ខេត្តកំពត នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២១ ។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ផងដែរថា «ខ្លួនត្រូវធ្វើចត្តាឡីស័ក យកសំណាកទៅមើលរួចហើយ កំពុងតែរង់ចាំលទ្ធផល ស្រាប់តែទៅចូលរួមមង្គលការ លទ្ធផលចេញមកវិជ្ជមាន ហើយបើចេញលទ្ធផលវិជ្ជមាន តើត្រូវធ្វើយ៉ាងម៉េច មនុស្សមួយរោងការមែនតិចទេ បើរោងធំអាចពាន់នាក់ ការតូចខ្ទង់រយនាក់ដែរ តើវានឹងទៅជាយ៉ាងណា ? ហ្នឹងហើយដែលខ្ញុំតែងតែរំឭកថា កុំឲ្យរោងការរបស់យើង រោងបុណ្យរបស់យើង ការជួបជុំរបស់យើង ឬហាងរបស់យើងក្លាយទៅជាកន្លែងផ្ទុះចេញនូវការចម្លងនៃវីរុស Covid-19» ។
លោកស្រីបានបន្តទៀតថា គាត់បាននិយាយជារឿយៗត្រង់ចំណុចនេះ ប្រសិនបើបុគ្គលនោះមិនមានភាពស្មោះត្រង់ វានឹងបង្កហានីភ័យធំណាស់ទៅដល់អ្នកដទៃ និង សង្គមជាតិ ដូច្នេះចាំបាច់នៅពេលនេះគឺច្បាប់មានហើយ អ៊ីចឹងអាជ្ញាធរមូលដ្ឋានចាំបាច់ត្រូវតែអនុវត្តច្បាប់ ពីព្រោះបុគ្គលនោះមិនមែនមិនដឹងនោះទេ ពីព្រោះច្បាប់បានផ្សាយចេញរួចទៅហើយ ៕ប្រភពពី Popular Magazine