សូមបកស្រាយផងលោក ប៉ូលីស ! រឿងលួចស៊ីគ្រឿងឡានជាវត្ថុតាង នៅស្រុកអង្គស្នួល , មហាជនចង់ដឹងថា «តើអ្នកណាជាអ្នកលួចស៊ីគ្រឿងឡាន នេះ ជាប៉ូលិស ឬ ចោរមកពីខាងក្រៅ» ?…(វីដេអូ)

កណ្តាល៖ក្រោយផ្ទុះប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់មហាជន ចំពោះប៉ូលិសស្រុកអង្គស្នួល ខេត្តកណ្តាល ដែលរងការចោទប្រកាន់ ថា «បានស៊ីគ្រឿងឡានជាវត្ថុតាងខ្ទេចខ្ទី» នោះ ឥឡូវនេះ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ខាងប៉ូលិសបានសងប្រាក់ចំនួន១២០០ដុល្លារ ជូនជនរងគ្រោះវិញហើយ ដើម្បីបញ្ចប់រឿង ។

ប៉ុន្តែ ទន្ទឹមនេះ មហាជនចង់ដឹងថា «តើអ្នកណាជាអ្នកលួចស៊ីគ្រឿងឡាន នេះ ជាប៉ូលិស ឬ ចោរមកពីខាងក្រៅ» ? ដែលពេលនេះ ប៉ូលិសមិនទាន់មានបកស្រាយទេ ក្រៅពីការសងសំណងទៅជនរងគ្រោះ ខណៈអង្គភាពអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ក៏បានទទួលស្គាល់កំហុស លើកង្វះខាតនៃការគ្រប់គ្រង នេះរួចហើយ ។

សូមបញ្ជាក់ថា យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ « Hok Tanghong» បានបង្ហោះកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ថា «នេះហើយឡានខ្ញុំដែលបានរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយពេលមកគ្រឿងពេញ ដល់ពេលមកដកឡានវិញស៊ីគ្រឿងអស់ សុំខ្លាចហើយលោកប៉ូលិសអើយធ្លាប់តែលឺគេថា​ឥឡូវជួបផ្ទាល់ខ្លួនឯងបានដឹង»។

ទោះបីយ៉ាងណា ជុំវិញបញ្ហានេះ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ CPC NEWS បានព្យាយាមទំនាក់ទំនងទៅកាន់លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល ដើម្បីបញ្ជាក់ករណីនេះ តែលោកប្រាប់ថា «កំពុងជាប់ប្រជុំនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល»។

នាពេលថ្មីៗនេះ លោក គឹម សន្តិភាព រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា «មន្ត្រីអនុវត្តច្បាប់នឹងទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ នូវសកម្មភាពបំពានច្បាប់ក្នុងពេលបំពេញមុខងាររបស់ខ្លួន យោងតាមមាត្រា៧៤ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក !»។

មាត្រា៧៤ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ចែងថា «មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកណា ដែលនៅក្នុងក្របខ័ណ្ឌមុខងារ ឬ ក្នុង​ឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកបណ្ណបើកបរ ផ្លាកលេខ បណ្ណសម្គាល់យានជំនិះ ឬ ឃាត់ទុកយានជំនិះដោយបំពានច្បាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃទៅ១ខែ និង ពិន័យជាប្រាក់ពី១សែនរៀលទៅ៨សែនរៀល»។

ក្នុងករណីដែលមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ធ្វើអោយមានការខូចខាតឬបាត់បង់ផ្នែកណាមួយនៃយានជំនិះដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ឬ បាត់បង់នោះ ៕

Related posts

Leave a Comment