ប្រសើរមែន!! រដ្ឋមន្ដ្រីកសិកម្ម ស្នើពលរដ្ឋខិតខំប្រឹងប្រែងដាំដុះបន្លែ ដើម្បីឆ្លើយតបនិងទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ ជាពិសេសកាត់បន្ថយការនាំចូល…

កំពង់ស្ពឺ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ បានស្នើឲ្យប្រជាពលរដ្ឋ ខិតខំប្រឹងប្រែង បន្ថែមទៀត លើការងារដាំដុះបន្លែ ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ និងជាពិសេសកាត់បន្ថយការនាំចូល។

ការស្នើបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន អមដំណើរដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងលោកអភិបាលខេត្ត ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការ អនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅភូមិដូនទិព្វ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។

តាមការរាយការណ៍របស់ លោក ជួប ឃៀង ម្ចាស់ចំការ បានឲ្យដឹងថា លោកនិង៣០គ្រួសារផ្សេងទៀត បានចាប់យកអាជីបដាំបន្លែជារបរស្នូលជាង ១០ឆ្នាំ មកហើយតាំងពីទំនប់ទឹកប្រាំបីមុមបានកសាងរួច។ បច្ចុប្បន្ន ដោយទទួលបានការឧបត្ថម្ភគាំទ្របច្ចេកទេសពីកម្មវិធី ASPIRE ធ្វើឲ្យមុខរបរដាំបន្លែមានការវិវឌ្ឍន៍ រីកចម្រើនជាបន្តបន្ទាប់ ដោយជាមធ្យមក្នុង១ឆ្នាំ គាត់អាចរកចំណូលបានជាង២០លានរៀន។

បន្ទាប់ពីបានឃើញសមិទ្ធផលរបស់គម្រោង ជាពិសេសលទ្ធផលរបស់កសិករ ដែលទទួលបាននាពេលនេះ គឺចំណូលក្នុងគ្រួសារ លោករដ្ឋមន្ត្រី វេង សាខុន បានស្នើសុំឲ្យប្រជាពលរដ្ឋ ខិតខំប្រឹងប្រែងបន្ថែមទៀត លើការងារដាំដុះបន្លែ ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព លើកកម្ពស់សមត្ថភាពកែច្នៃវេចខ្ចប់ ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ និងជាពិសេសកាត់បន្ថយការនាំចូល។

ជាមួយគ្នានោះ លោករដ្ឋមន្ដ្រីកសិកម្ម ក៏បានណែនាំឲ្យមន្ទីរ ជួយធ្វើការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម ដោយផ្តោតជាសំខាន់លើការប្រើប្រាស់ផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រពបន្លែ ការអនុវត្ត GAP ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ធ្វើយ៉ាងណាបង្កើនការជឿទុកចិត្តពីអតិថិជន តាមរយៈគុណភាព និងសុវត្ថិភាព។

ក្រៅពីនេះ មន្ទីរគួរសិក្សាពីលទ្ធភាពបង្កើតកន្លែងប្រមូលផ្តុំបន្លែបន្ថែម ដើម្បីធានាបរិមាណផ្គត់ផ្គង់ ពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ ចៀសវាងការបន្លំ ឬក្លែងក្លាយផលិតផល៕

ប្រភព៖ Fresh News

Related posts

Leave a Comment