លោកអភិបាលខេត្ត អ៊ុំ រាត្រី ៖ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អាចនឹងបើកដំណើរការនៅដំណាច់ ខែឧសភា នេះ

ខេត្តបន្ទាយមានជ័យ៖ ភាគីថៃ មិនបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ឲ្យដំណើរការនៅថ្ងៃទី១៣ឬថ្ងៃ១៧ ខែឧសភា ២០២០ ដូចដែលមានសង្គមហ្វេសប៊ុកមួយចំនួនបង្ហោះនោះទេ តែអាចនឹងបើកដំណើរការនៅដំណាច់ខែឧសភា នេះ។

ថ្លែងក្នុងពិធីកៀងគរមូលនិធិពីសប្បុរសជនជាអាជីវករនៅក្រុងប៉ោយប៉ែត ដើម្បីចូលរួមជាកម្លាំងមនុស្សធម៌ដល់ជនរងគ្រោះ នឹងចូលរួមចំណែកក្នុងការទប់ស្កាត់ការរាតត្បាតវីរុសកូវីដ-១៩ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ

បានថ្លែងថា ខាងភាគីថៃ នឹងមិនបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ស្រុកអារញ្ញ ឲ្យដំណើរការនៅថ្ងៃទី១៣ ឬថ្ងៃ១៧ ខែឧសភា ២០២០ ដូចដែលមានសង្គមហ្វេសប៊ុកមួយចំនួនបង្ហោះនោះទេ ។ បើសិនក្នុងករណីដែលមានការបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក នេះ អាជ្ញាធរនឹងជូនព័ត៌មានដល់សាធារណជនឲ្យដឹងជាផ្លូវការហើយ ។

លោកអភិបាលខេត្ត បញ្ជាក់ថា ចំពោះបងប្អូនដែលលក់ដូរនៅផ្សាររុងក្លឿឬនៅទីផ្សារផ្សេងៗ រយៈពេលកន្លងមកនេះ ខាងអាជ្ញាធរខេត្តបន្ទាយមានជ័យ បានស្នើទៅខាងភាគីថៃ ដើម្បីសុំឲ្យជួយសម្របសម្រួល កិនយកថ្លៃឈ្នួលតូបលក់ដូរដែរ តែសមត្ថកិច្ចថៃ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក នេះ បានឆ្លើយតបជាលាយលក្ខណ៍អក្សរថា លោកបានបញ្ជូនសំណើនេះទៅអភិបាលក្រុង ដើម្បីពិនិត្យហើយ។

លោកអភិបាលខេត្ត បញ្ជាក់បន្ថែមថា ជាមួយគ្នានេះដែរ លោកបានធ្វើលិខិតមួយច្បាប់បន្ថែមទៀត ស្នើសុំដល់ភាគីថៃ ឱ្យជួយសម្រួលដល់បងប្អូនអាជីវករខ្មែរយើង ធ្វើយ៉ាងណាឲ្យបានទៅពិនិត្យមើលទំនិញរបស់ពួកគាត់ដែលនៅក្នុងតូបលក់ដូរក្នុងផ្សាររុងក្លឿ ក្នុងទឹកដីថៃនោះផង ប៉ុន្តែនៅថ្ងៃទី១២ ខែឧសភាម្សិលមិញនេះ ភាគីថៃបានឆ្លើយតបមកវិញថា អភិបាលខេត្តស្រះកែវ មិនអនុញ្ញាតឲ្យអាជីវករខ្មែរយើង

ដែលលក់ដូរក្នុងផ្សាររុងក្លឿនោះ ចូលទៅមើលអីវ៉ាន់ក្នុងតូបនៅក្នុងផ្សារខាងលើនោះទេ ដោយសារតែខុសគោលការណ៍របស់នាយករដ្ឋមន្ត្រីថៃ តែយ៉ាងណា លោកនឹងខិតខំប្រឹងប្រែងបន្តជួយសម្រួលដល់បងប្អូនអាជីវករខ្មែរយើងដែលមានតូបលក់ដូរក្នុងផ្សាររុងក្លឿនោះ ឲ្យអស់ពីសមត្ថភាព។ ប៉ុន្តែតាមការជូនដំណឹងរបស់ភាគីថៃ គីនៅដំណាច់ខែឧសភាឆ្នាំ២០២០នេះ ភាគីថៃ អាចនឹងបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត វិញហើយ៕

Related posts

Leave a Comment