ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារមកពីសហគមន៍ទំនប់ព្រៃពាយ ស្ថិតនៅក្នុងសហគមន៍ចំនួន៣ភូមិ គឺ ៖ ទី០១.សហគមន៍ ភូមិព្រៃពាយ ទី០២.សហគមន៍ ភូមិសង្គ្រាមបូរណ៍ និងទី០៣.សហគមន៍ភូមិអង្គរងាង ស្ថិតនៅក្នុងឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឈ្មួញបានដាក់ម៉ាស៊ីនបូមទឹកទាំងយប់ទាំងថ្ងៃនៅក្នុងទំនប់ព្រៃពាយ ដែលបន្សល់ទុកពីបុរាណមកម្ល៉េះ ដើម្បីទុកទឹកសម្រាប់ប្រើប្រាស់ ស្រោចស្រប់ ស្រែចម្ការ ដំណាំ បន្លែបង្ការ និងសម្រាប់មនុស្សហូប ព្រមទាំងសត្វពាហនៈ គោ ក្របី ផឹកផងដែរ។
ជាពិសេសនៅក្នុងរដូវប្រាំង ក្តៅហួតហែង ប្រឈមក្នុងការខ្វះខាតទឹកប្រើប្រាស់នោះរយៈពេលជាង២ខែមកហើយ ហើយណាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតមួយនេះ ក៏បានដាក់ម៉ាស៊ីនខ្នាតធំបូមទឹករាល់យប់ថ្ងៃ ឡើងរីងជិតអស់ហើយ ទើបប្រជាពលរដ្ឋធ្វើការតវ៉ា ដើម្បីឱ្យបញ្ឈប់ការដាក់ម៉ាស៊ីនបូមតទៅទៀត ដោយខ្លាចក្រែងគ្មានទឹកប្រើប្រាស់ប្រចាំថ្ងៃទៀត ហើយប្រជាពលរដ្ឋសង្ឃឹមលើអស់លោកអាជ្ញាធរពាក់ព័ន្ធនឹងធ្វើការទប់ស្កាត់ ដើម្បីដោះស្រាយឲ្យប្រជាពលរដ្ឋផង។
បើតាមប្រជាពលរដ្ឋឈ្មោះ គុយ ហឿន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិសង្គ្រាមបូរណ៍ ឃុំទួលអំពិល ស្រុកបសេដ្ឋ បាននិយាយឲ្យដឹងថា ទំនប់ព្រៃពាយនេះមានទំហំ១៩ហិកតាមានទឹកខួបប្រាំង ខួបវស្សា ហើយប្រជាពលរដ្ឋប្រើប្រាស់មិនដែលខ្វះខាតឡើយ ទើបតែរយៈពេលជាង២ខែចុងក្រោយនេះឃើញថា មានគេដាក់ម៉ាស៊ីនបូមយកទឹកទៅលក់ឲ្យអ្នកភូមិផ្សេងទៅវិញ ។
ប្រភពដដែលបន្តថា ហើយបើទោះជាប្រជាពលរដ្ឋរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ស្រុក
ក៏ដោយ ក៏គ្មានដំណោះស្រាយរហូត ដូច្នេះហើយទើបបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចក្រែងគ្មានទឹកប្រើប្រាស់ ដើម្បីចិញ្ចឹមជីវិតក្នុងការរស់នៅ។
ជាសំណូមពរ សូមឲ្យឈ្មួញបញ្ឈប់ការបូមទឹក ជាហេតុធ្វើឱ្យខ្វះទឹកប្រើប្រាស់ បាត់បង់ធម្មជាតិធ្វើស្រែប្រាំង ដាំដំណាំ និងបន្លែជាដើម។ ប្រភពេចញពីកោះសន្តិភាព