ទីបំផុត ដឹងតម្លៃគុជខ្យងពណ៌ទឹកក្រូចដ៏កម្រ ដែលជនជាតិថៃរកឃើញ ខណៈពេលហូបគ្រឿងសមុទ្រ កាលពីប៉ុន្មានថ្ងៃមុនហើយ (មានវីដេអូ)

ថៃ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅថ្មីៗនេះ ប្រិយមិត្ដអ្នកអានមួយចំនួនប្រាកដជាបានជ្រាបហើយ អំពីគ្រួសារជនជាតិថៃមួយ ដែលមានសំណាងនឹកស្មានមិនដល់ ដោយប្រទះឃើញគុជខ្យងពណ៌ទឹកក្រូចដ៏កម្រមួយគ្រាប់ ខណៈពេលកំពុងហូបអាហារគ្រឿងសមុទ្រជុំគ្នា។

~

គួររម្លឹកបន្ថែមទៀតថា គ្រឿងសមុទ្រ (ខ្យងផ្លែប៉ោម) ដែលបានបង្កប់គុជពណ៌ទឹកក្រូចដ៏កម្រនេះ ត្រូវបានលោក Monthian Jansuk អាយុ ៤០ឆ្នាំ ចំណាយប្រាក់អស់៥០បាត (ប្រហែល ៧ពាន់រៀល) ទិញពីផ្សារមួយក្បែរផ្ទះរបស់លោក ដែលស្ថិតនៅក្នុងខេត្ដឈុនបុរី ប្រទេសថៃ។ គុជនេះ ត្រូវបានកូនប្រុសរបស់លោកហូបប៉ះ ដោយភ្លាមៗនោះ ពុំទាន់ដឹងថាជាអ្វីឡើយ លុះពេលគេខ្ជាក់ចេញទើបដឹងថាជាគុជខ្យងពណ៌ទឹកក្រូច។ តែទោះជាយ៉ាងណា បន្ទាប់ពីនោះ ពួកគេមិនទាន់ដឹងថាវាអាចលក់បានតម្លៃប៉ុន្មានទេ ដោយគ្រាន់តែសង្ឃឹមថាអាចនឹងលក់ក្នុងតម្លៃរាប់ពាន់ដុល្លារអាមេរិក។

~

យ៉ាងណាមិញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ អ្នកជំនាញផ្នែកត្បូងក្នុងស្រុកថៃបានធ្វើការបញ្ជាក់ពីភាពត្រឹមត្រូវនៃគុជនេះ ថាពិតជាគុជដ៏កម្របំផុត មានទម្ងន់ ៦៥.៥៧ការ៉ាត់ ឬស្មើនឹង ១៣.១១ក្រាម ដែលអាចលក់បានតម្លៃជាង ៧០,០០០ផោន ឬប្រហែល ៩៧,០០០ដុល្លារអាមេរិក។

~

ក្រុមអ្នកជំនាញបន្ថែមថា តាមពិតទៅតម្លៃត្បូងគឺវាអាស្រ័យលើអ្នកទិញ ថាតើពួកគេហ៊ានឲ្យប៉ុន្មាន ប៉ុន្ដែបើគិតតាមតម្លៃទីផ្សារវិញ វាអាចមានតម្លៃរាប់ពាន់ដុល្លារអាមេរិកក្នុងមួយការ៉ាត់ អាស្រ័យលើគុណភាពរបស់វាជាក់ស្ដែង។ ដោយឡែក កាលកន្លងទៅ គុជស្រដៀងគ្នានេះគេអាចលក់បានតម្លៃ ១,៧០០ដុល្លារអាមេរិកក្នុងមួយការ៉ាត់។

ទោះជាយ៉ាងណា លោក Monthian ដែលជាអ្នកបើកឡានដឹកទំនិញ និងមិនធ្លាប់មានលុយច្រើនក្នុងដៃផងនោះ បាននិយាយថា គាត់នឹងសប្បាយចិត្ដបើអាចលក់គុជក្នុងតម្លៃ ៣៣,៣៥០ដុល្លារអាមេរិក ពោលគឺតម្លៃនេះស្មើនឹងមួយភាគបីប៉ុណ្ណោះ នៃតម្លៃដែលអ្នកជំនាញបានប៉ាន់ស្មាន។

~

បច្ចុប្បន្ននេះ គុជខ្យងពណ៌ទឹកក្រូចដ៏កម្រ មិនទាន់លក់ចេញនៅឡើយ និងកំពុងរក្សាទុកយ៉ាងមានសុវត្ថិភាព ក្នុងធនាគារមួយ។ ទន្ទឹមនឹងនេះ លោក Monthian បាននិយាយថា គ្រួសាររបស់លោកនឹងលក់វា ប៉ុន្ដែក៏មិនប្រញាប់ពេកទេ ដោយចាត់ទុកថាវាដូចជាការឈ្នះឆ្នោតអីចឹងដែរ។ លោកបន្ថែមថា ប្រសិនបើអាចលក់ក្នុងតម្លៃសមរម្យ លោកនឹងឈប់ធ្វើការ (ចូលនិវត្តន៍) ហើយចំណាយពេលជាមួយក្រុមគ្រួសាររបស់លោកតែម្ដង៕

~

Related posts

Leave a Comment