នេះហើយក្ដីស្រលាញ់! ស្ត្រីចំណាស់គ្មានផ្ទះសម្បែង សុខចិត្តដេកក្នុងថង់សំរាម ក៏មិនទៅណាចោលសុនក បើទោះជាមានជម្រកសម្រាប់គាត់

ជាការពិតណាស់ សុនក (ឆ្កែ) គឺជាសត្វចិញ្ចឹមមួយប្រភេទ ក្នុងចំណោមសត្វចិញ្ចឹមជាច្រើនផ្សេងទៀត ដែលតែងតែទទួលបានការស្រលាញ់ថ្នាក់ថ្នមពីម្ចាស់ ហើយបើប្រៀបនឹងសត្វចិញ្ចឹមដទៃ វាត្រូវបានគេចាត់ទុកជាសត្វចិញ្ចឹមមួយប្រភេទដែលស្រលាញ់ និងស្មោះស្ម័គ្រនឹងម្ចាស់បំផុត។ អាស្រ័យហេតុនេះ ទើបធ្វើឲ្យម្ចាស់ភាគច្រើនរឹតតែស្រលាញ់ពួកវាខ្លាំងឡើង និងអ្នកខ្លះទៀតបានចាត់ទុកពួកវា ដូចជាសមាជិកក្នុងគ្រួសារអីចឹងដែរ។

~

ជាក់ស្ដែងនាពេលថ្មីៗនេះ ស្ដ្រីអាយុ ៦៥ឆ្នាំម្នាក់ឈ្មោះថា Luz Maria Olmedo Beltran ត្រូវបានគេប្រទះឃើញនៅសំងំក្នុងថង់ផ្លាស្ទិកពណ៌ខ្មៅ ជាមួយនឹងសុនករបស់គាត់ចំនួន៦ក្បាល នៅតាមបណ្ដោយដងផ្លូវក្នុងទីក្រុង Tijuana ប្រទេសម៉ិកស៊ិក។ គាត់បានជ្រើសរើសប្រភេទថង់ដាក់សំរាមខ្នាតធំនោះ ជាជម្រកសម្រាប់ខ្លួនគាត់ និងសុនករបស់គាត់ ខណៈពេលមេឃភ្លៀង និងអាកាសធាតុត្រជាក់។

~

ក្រោយឃើញដូច្នេះ ប៉ូលិសក្រុងបានព្យាយាមបញ្ចុះបញ្ចូលស្ដ្រីជាម្ចាស់សុនករូបនេះអស់រយៈពេលកន្លះម៉ោង ដើម្បីឲ្យគាត់ទទួលយកជំនួយពីពួកគេ ដោយផ្ដល់ជម្រកសមរម្យមួយស្នាក់នៅ។ ប៉ុន្ដែគាត់បានសម្រក់ទឹកភ្នែកមិនចង់ទុកដៃគូដ៏ស្មោះត្រង់ (សុនក) របស់គាត់ចោលទេ ព្រោះកន្លែងដែលគេផ្ដល់ឲ្យគាត់ស្នាក់នៅនោះមិនអនុញ្ញាតឲ្យមានសត្វចិញ្ចឹមឡើយ ដូច្នេះគាត់សុខចិត្ដរស់នៅខាងក្រៅតាមទីសាធារណៈ ទោះមានបញ្ហាអ្វីក៏ដោយ។ម្ចាស់សុនករូបនេះ បារម្ភថាសុនរបស់គាត់ទាំងអស់នឹងបែកខ្ញែកគ្នា នៅពេលដែលគាត់ទៅរស់នៅឯជម្រកដែលគេផ្ដល់ឲ្យ។ គាត់បានប្រាប់ប៉ូលិសថា “ខ្ញុំមិនចង់ទៅទេ ខ្ញុំមិនត្រូវការជំនួយឡើយ ខ្ញុំនៅទីនេះមិនអីទេ” ។ គាត់មិនអាចបោះបង់ដៃគូដ៏ស្មោះស្ម័គ្រទាំង៦ក្បាលទេ ម៉្យាងវិញទៀត មួយក្នុងចំណោមនោះ ជិតកើតកូនហើយ។ទោះជាយ៉ាងណក៏ដោយ ប៉ូលិសមិនអាចទុកគាត់ឲ្យស្ថិតក្នុងស្ថានភាពត្រជាក់ និងគ្រោះថ្នាក់នេះបានឡើយ ហើយនៅទីបំផុតពួកគេបានបញ្ចុះបញ្ចូលឲ្យគាត់ស្វែងរកន្លែងស្នាក់នៅដែលសមរម្យមួយនៅពេលយប់។

~

ជាក់ស្ដែង គាត់បានចំណាយពេលមួយយប់ស្នាក់នៅឯកន្លែងសមរម្យមួយ ប៉ុន្ដែគាត់បានត្រលប់ទៅដេកតាមចិញ្ចើមផ្លូវវិញនៅថ្ងៃបន្ទាប់។យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវខាងលើនេះ ល្បីល្បាញពាសពេញបណ្ដាញសង្គមរួចមក ស្ត្រីចំណាស់ក៏ទទួលបានជំនួយពីសម្បុរសជនមួយចំនួន ដែលសព្វថ្ងៃនេះ គាត់កំពុងស្នាក់នៅកន្លែងមួយជុំគ្នាជាមួយសុនកទាំង៦ក្បាល ដែលមានតម្លៃ៥០ប៉េសូម៉ិកស៊ិក (ប្រមាណ២.៥០ដុល្លារអាមេរិក) ក្នុងមួយយប់។ ហើយសម្បុរសជនក៏សង្ឃឹមដែរថា រដ្ឋាភិបាលនឹងផ្ដល់ទីកន្លែងមួយសម្រាប់ស្ត្រីចំណាស់រស់នៅ ដែលអាចឲ្យគាត់ជួយសង្គ្រោះឆ្កែអនាថាដទៃទៀតផងដែរ៕

~

Related posts

Leave a Comment