លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ស្នើអោយក្រសួងវប្បធម៌ កោះហៅតួសម្តែង «ទុំទាវ២០២១» យកមកចាត់ការតាមនីតិវិធីច្បាប់ឡើងវិញ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ស្នើអោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កោះហៅតួសម្តែង «ទុំទាវ២០២១» ដែលគេស្គាល់ច្បាស់ថា មាន អាជី និង អាម៉ី កូនលោកផ្កាយ៣ ជាតួឯក និង ជាតារាកំពូលជេរបញ្ចោរតាមបណ្តាញសង្គម យកមកចាត់ការតាមនីតិវិធីច្បាប់ឡើងវិញ ។

តាមរយៈ Facebook កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ថ្លែងថា «រឿងទុំទាវ២០២១ ជាប្រធានបទដ៏ក្ដៅដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះ យើងត្រូវតែមានតម្លាភាពជាមួយគ្នា ។ ខ្ញុំសុំស្នើ ក្រសួងវប្បធម៌ កោះហៅបុគ្គលដែលបានយករឿងទុំទាវមកបំផ្លាញ នាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និង អក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនីតិវិធីនៃច្បាប់ឡើងវិញ ដើម្បីបំពេញបំណងនិងរកយុត្តិធម៌ដល់ជនរងគ្រោះនិងជនរួមជាតិខ្មែរទាំងអស់អោយមានភាពស្មើគ្នា។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា សង្កត់ធ្ងន់ ថា «កុំអោយរាស្រ្ដគិត ថា វាខុសគ្នាត្រង់ណា ?» ។ ទន្ទឹមនេះ ចំប៉ីខ្មៅ ថ្លែងដែរថា «ភាពយុត្តិធម៌មានពិតនៅលើលោក តែស្ដាយណាស់វាមិនបានកើតលើអ្នកក្រដូចខ្ញុំ» ។

គួររំលឹកថា ក្រុមតួសម្តែង «ទុំទាវ២០២១» ដែលត្រូវបានមហាជន រិះគន់ថា បានជាន់ឈ្លីតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើកិច្ចសន្យាចំនួន៣ទំព័រ ជាមួយនឹងការសន្យាចំនួន៨ចំណុច ចំពោះមុខមន្ត្រីក្រសួងវប្បធម៌ ៕

Related posts

Leave a Comment