ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺជាឥស្សរជនដំបូងគេ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩

នៅមន្ទីរពេទ្យកាល់ម៉ែត នាវេលាម៉ោង៨ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនដំបូងគេ ដែលនឹងទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩។

ក្រៅពីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលអញ្ជើញទៅចាក់វ៉ាក់សាំងការពារកូវីដ១៩នោះ ក៏មានឥស្សរជនមួយចំនួនទៀតផងដែររួមមាន ៖ ឯកឧត្តម ហ៊ុន ម៉ានិត, ឯកឧត្តម ហ៊ុន ម៉ានី, ឯកឧត្តម ឌី វិជ្ជា ឯកឧត្តម សុខ ពុទ្ធិវុធ ឯកឧត្តមរដ្ឋមន្រ្តី កើត រិទ្ធ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាដើម។

សូមជម្រាបជូនថា៖ ការទទួលវ៉ាក់សាំងកូវីដ១៩ ឈ្មោះ សីណូហ្វាម (Sinopharm) ជូនថ្នាក់ដឹកនាំកម្ពុជា លើកដំបូងនេះ ធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត នៅទីតាំងចំនួន៤ រួមមាន៖ ១៖ មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ២៖ មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ ៣៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ៤៖ មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។

សូមបញ្ជាក់ជូនថា៖ ទីតាំងចំនួន៤ សម្រាប់ការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ តទៅរួមមាន ៖ នៅមន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យព្រះអង្គឌួង, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ៕

Related posts

Leave a Comment